(វ៉ាស៊ីនតោន)៖ ព្រឹទ្ធសមាជិកអាមេរិកមួយចំនួនបានលើកឡើងថា សភាតំណាងរាស្ត្រដែលកំពុងគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យនោះ នឹងរិះរកគ្រប់មធ្យោបាយ ដើម្បីរារាំងផែនការកសាងជញ្ជាំងព្រំដែនរវាងអាមេរិក និងម៉ិចស៊ីកូ ដែលលោក ដូណាល់ ត្រាំ ធ្លាប់បានសន្យាតាំងតែពីអំឡុងពេលឃោសនារកសំឡេងឆ្នោត។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
ខណៈដែលរដ្ឋាភិបាលអាមេរិកនៅតែកំពុងបិទទ្វារនៅឡើយនោះ បញ្ហាបន្ថែមជាច្រើនទៀតនៅតែកំពុងវិលវល់ចំពោះមុខលោក ដូណាល់ ត្រាំ ហើយបញ្ហាសាងសង់ជញ្ជាំងព្រំដែននេះ គឺមិនមែនជាក្តីប្រាថ្នាសម្រាប់មនុស្សគ្រប់គ្នានោះឡើយ ជាពិសេសក្រុមអ្នកការពារសិទ្ធិមនុស្សទាំងក្នុងស្រុក និងអន្តរជាតិ។ ជុំវិញបញ្ហានេះ សមាជិកព្រឹទ្ធសភាអាមេរិកមួយរូបឈ្មោះ Donnelly មកពីបក្សប្រជាធិបតេយ្យបានថ្លែងប្រាប់ CNN យ៉ាងដូច្នេះថា «លោកប្រធានាធិបតី (ត្រាំ) នឹងមិនបានកសាងជញ្ជាំងព្រំដែន តាមបំណងប្រាថ្នារបស់លោកនោះឡើយ...។ វាមិនអាចទៅរួចឡើយ នៅអំឡុងពេលដែលការផ្លាស់ប្តូរក្នុងសភា កំពុងឈានចូលមកដល់...»។
គួរបញ្ជាក់ថា ការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិកាលពីខែវិច្ឆិកា បានបើកផ្លូវឲ្យបក្សប្រជាធិបតេយ្យមានសិទ្ធិអំណាចខ្លះឡើងវិញនៅក្នុងការអនុម័តច្បាប់ និងកញ្ចប់ថវិកានានានៅក្នុងសភា (រដ្ឋសភា) ខណៈបក្សសាធារណរដ្ឋរបស់លោក ដូណាល់ ត្រាំ នៅតែបន្តគ្រប់គ្រងព្រឹទ្ធសភាដដែល។ ចាប់តាំងពីដើមរៀងមក សមាជិកសភានៃបក្សប្រជាធិបតេយ្យភាគច្រើនបំផុត មិនបានបង្ហាញគាំទ្រចំពោះគំរោងកសាងជញ្ជាំងព្រំដែន និងច្បាប់គ្រប់គ្រងជនអន្តោប្រវែសន៍ថ្មីរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ នោះឡើយ។ ការសាងសង់បញ្ចប់ជញ្ជាំងព្រំដែនទាំងស្រុងរវាងអាមេរិក និងម៉ិចស៊ីកូនឹងត្រូវចំណាយ រហូតដល់ ៥ពាន់លានដុល្លារ៕