(ញូដេលី)៖ រដ្ឋាភិបាលឥណ្ឌានាថ្ងៃសុក្រសប្តាហ៍នេះ បានអនុម័តគម្រោងប្រកបដោយមហិច្ឆតាមួយរបស់ខ្លួន ស្តីពីការបញ្ជូនមនុស្សឡើងទៅកាន់ទីអវកាសសម្រាប់រយៈពេលយ៉ាងតិចមួយសប្តាហ៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១៨។
សេចក្តីប្រកាសពីដំណឹងខាងលើ ត្រូវបានធ្វើឡើងដោយរដ្ឋមន្រ្តីបច្ចេកវិទ្យានិងព័ត៌មានឥណ្ឌា លោក រ៉ាវី ស្សានការ ប្រាសដ (Ravi Shankar Prasad)។ គម្រោងនេះមានឈ្មោះថា «ហ្គាហ្គានយ៉ាអាន (Gaganyaan)» ដែលនឹងត្រូវចំណាយថវិកាចំនួន១.៤៣ពាន់លានដុល្លារ។ កម្មវិធី Gaganyaan ត្រូវបានរចនាឡើងដើម្បីនាំយកមនុស្សប្រហែល០៣នាក់ឡើងទៅកាន់ទីអវកាសសម្រាប់រយៈពេលយ៉ាងតិច០៧ថ្ងៃ។
គួរជម្រាបថា បើតាម លោក Prasad បេសកកម្មខាងលើនឹងត្រូវប្រព្រឹត្តទៅនៅឆ្នាំ២០២២។ សេចក្តីប្រកាសពីគម្រោង Gaganyaan ត្រូវបានធ្វើឡើងជាលើកដំបូងដោយនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កាលពីអំឡុងថ្ងៃអបអរខួប៧២ឆ្នាំនៃបុណ្យឯករាជ្យរបស់ប្រទេសឥណ្ឌា៕