(ដាម៉ាស់)៖ ក្រុមសកម្មប្រយុទ្ធឃើដ YPG បានប្រកាសថា ខ្លួនបានបើកឲ្យកងទ័ពស៊ីរីចូលគ្រប់គ្រងទីក្រុង Manbij ដែលស្ថិតនៅភាគខាងជើងប្រទេសស៊ីរី គឺដើម្បីរារាំងគម្រោងបើកប្រតិបត្តិការយោធារបស់តួកគី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមសកម្មប្រយុទ្ធឃើដបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា៖ «ពួកយើងបានអញ្ជើញកងកម្លាំងរដ្ឋាភិបាលស៊ីរី ឲ្យចូលកាន់កាប់ទីក្រុង Manbij ជាទីដែលយើងបានដកកម្លាំងចេញ ដើម្បីជួយការពារតំបន់នេះប្រឆាំងនឹងការត្រៀមឈ្លានពានពីប្រទេសតួកគី»។
គួរជម្រាបថា ការប្រគល់ក្រុង Manbij ឲ្យកងទ័ពស៊ីរី ត្រូវបានធ្វើឡើង បន្ទាប់ពីតួកគីបានគំរាមធ្វើប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធឃើដ YPG នៅភាគខាងជើងនិងភាគឦសានប្រទេសស៊ីរី។ កន្លងទៅក្នុងឆ្នាំនេះ ក្រុម YPG បានរបូតតំបន់ Afrin ចេញពីដៃដោយសារតែយោធាតួកគី បន្ទាប់ពីមិនព្រមឲ្យទ័ពស៊ីរីចូលគ្រប់គ្រងតំបន់នោះ៕