(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តដាក់សម្ពាធលើក្រុមមន្រ្តីបក្សប្រជាធិបតេយ្យនៅឯព្រឹទ្ធសភាអាមេរិក ឲ្យអនុម័តកញ្ចប់ថវិកាសម្រាប់ដំណើរការសាងសង់ជញ្ជាំងព្រំដែនម៉ិចស៊ីកូ-អាមេរិក ក៏ដូចជាការធ្វើវិសោធនកម្មលើច្បាប់អន្តោប្រវេសន៍ ដោយលោកបានព្រមានថានឹងបិទព្រំដែនភាគខាងត្បូងទាំងមូលចោល ប្រសិនបើមិនបានដូចបំណង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ជុំវិញការគំរាមបិទព្រំដែននេះ លោក ត្រាំ បានលើកហេតុផលការពារថា សហរដ្ឋអាមេរិកខាតបង់ថវិកាជាច្រើន នៅក្នុងការធ្វើពាណិជ្ជកម្មជាមួយម៉ិចស៊ីកូក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី NAFTA ដែលឆាប់ៗខាងមុខនេះនឹងត្រូវជំនួសមកវិញនូវកិច្ចព្រមព្រៀងត្រីភាគីថ្មីរវាងសមាជិក NAFTA (រួមមានកាណាដាមួយទៀត)។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានរិះគន់បណ្តាប្រទេសអាមេរិកកណ្តាលផងដែរ ជុំវិញភាពស្ទាក់ស្ទើររបស់ពួកគេ ក្នុងការទប់ស្កាត់សកម្មភាពអន្តោប្រវេសន៍ខុសច្បាប់ចូលមកកាន់សហរដ្ឋអាមេរិក ស្របពេលដែលកំពុងទទួលជំនួយពីអាមេរិក។ លោកប្រធានាធិបតីអាមេរិក បានគំរាមបញ្ឈប់ការផ្តល់ជំនួយហិរញ្ញវត្ថុទៅឲ្យហុងឌូរ៉ាស់ ហ្គាតេម៉ាឡា និងអែលសាវ៉ាឌ័រ ដោយសារតែបញ្ហានេះ។
គួរជម្រាបថា ដោយសារតែការរារាំងពីព្រឹទ្ធសមាជិកនៃបក្សប្រជាធិបតេយ្យអាមេរិក សេចក្តីព្រាងច្បាប់ថវិកា ដែលរួមមានទាំងលុយ០៥ពាន់លានដុល្លារសម្រាប់ការសង់ជញ្ជាំងខាងលើ មិនអាចត្រូវអនុម័តបានបន្ទាប់ពីឆ្លងផុតសភាជាន់ទាបរួចទៅហើយនោះ។ ប្រការនេះក៏បានបណ្តាលឲ្យរដ្ឋាភិបាលអាមេរិក ស្ថិតក្នុងស្ថានភាពជាប់គាំងដោយផ្នែកផងដែរ ពោលគឺទីភ្នាក់ងារសហព័ន្ធមួយចំនួនត្រូវផ្អាកប្រតិបត្តិការជាបណ្តោះអាសន្ន ដោយសារពុំមានថវិកាទ្រទ្រង់៕