(ដាម៉ាស់)៖ កងកម្លាំងរដ្ឋាភិបាលស៊ីរី បានចូល និងដោតទង់ជាតិរបស់ខ្លួនក្នុងទីក្រុង Manbij ហើយ នៅក្នុងបរិបទដែលទឹកដីស្ទើតែ ទាំងស្រុងកំពុងស្ថិតនៅក្រោមកណ្ដាប់ដៃរដ្ឋាភិបាលប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាសាដ។ នេះបើតាមការប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី បានគូសបញ្ជាក់ដូច្នេះថា៖«ប្រតិបត្តិការរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី គឺធ្វើឡើងតបតាមការអំពាវនាវរបស់ ប្រជាជននៅក្នុងទីក្រុង Manbij ហើយនៅពេលនេះយើងបានចូល និងដោតទង់ជាតិស៊ីរីនៅក្នុងទីក្រុងមួយនេះ»។ បន្ថែមពីលើនេះ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ កងកម្លាំងរដ្ឋាភិបាលទីក្រុងដាម៉ាស់ក៏បានសន្យាដែរថានឹងធានាការពារសន្តិសុខជូនប្រជាជនស៊ីរីទាំងអស់ ក៏ដូចជាអ្នកកំពុងរស់នៅក្នុងទីក្រុង Manbij។
គួរបញ្ជាក់ថា ការចូលកាន់កាប់ទីក្រុង Manbij ឡើងវិញរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរី ធ្វើឡើងនៅចំពេលសហរដ្ឋអាមេរិក កំពុងត្រៀមខ្លូនដកកងទ័ពជាង២,០០០នាក់ ចេញពីស៊ីរី ដែលនេះត្រូវបានក្រុមឧទ្ទាមឃើដចោទថាជាទង្វើក្បត់សម្ព័ន្ធមិត្ត៕