(សេអ៊ូល)៖ ព័ត៌មានឯកជនរបស់ប្រជាជនកូរ៉េខាងជើងជិត ១,០០០នាក់ ដែលកំពុងរស់នៅជ្រកកោនក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវ បានក្រុម Hackers លួចយក បន្ទាប់ពីកុំព្យូទ័រមួយគ្រឿងប្រតិបត្តិការដោយទីភ្នាក់រដ្ឋត្រូវបានគេវាយប្រហារព័ត៌មានវិទ្យា (Hack)។ នេះបើតាមយ៉ុនហាប់ ដកស្រង់ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ផ្អែកប្រភពដែលខ្លួនទទួលបានពីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានឱ្យដឹងទៀតថា ក្រុម Hackers បានលួចយកឈ្មោះ ថ្ងៃខែឆ្នាំកំណើត និងអាសយដ្ឋានរបស់ប្រជាជនកូរ៉េខាងជើង ៩៩៧នាក់ ដែលកំពុងរស់នៅក្នុង ប្រទេសកូរ៉េខាងត្បូង តាមរយៈការវាយប្រហារព័ត៌មានវិទ្យាដោយប្រើវីរុសកុំព្យូទ័រ។ លើសពីនេះទៅទៀត ប្រភពដដែលក៏បានបញ្ជាក់ដែរថា កុំព្យូទ័រត្រូវបានគេ Hack នោះគឺកុំព្យូទ័រផ្ទាល់ខ្លួនរបស់បុគ្គលិករដ្ឋម្នាក់ នៅឯមជ្ឈមណ្ឌល ហាណា (Hana) ស្ថិតនៅក្នុងខេត្ត Gyeongsang ខាងជើង។
គួរបញ្ជាក់ថា អាជ្ញាធរកូរ៉េខាងត្បូង មិនទាន់កំណត់អត្តសញ្ញាណ Hackers នៅឡើយទេ ប៉ុន្តែជារឿយៗកូរ៉េខាងជើងតែងតែត្រូវបានគេចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារព័ត៌មានវិទ្យារបៀបនេះ៕