(ញូយ៉ក)៖ ការឆ្លងចរន្តអគ្គិសនីនៅឯស្ថានីយចែកចាយថាមពលអគ្គិសនីមួយ ក្នុងតំបន់ ឃ្វីនស៍ (Queens) នៃទីក្រុងញូយ៉ក បានបង្ខំឱ្យប៉ូលិសអាមេរិក ព្រមានប្រជាជនស្ថិតនៅឱ្យឆ្ងាយពីកន្លែងកើតហេតុ បន្ទាប់ពីអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម បានបង្ហោះរូបភាពបង្ហាញពីពន្លឺភ្លឺចិញ្ចាចពាសពេញផ្ទៃមេឃ ប្រៀបបីដូចជាឈុតឆាកមួយក្នុងភាពយន្តហូលីវូដដូច្នោះដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ហេតុការណ៍ឆ្លងចរន្តអគ្គិសនីខាងលើនេះ កើតឡើងនៅយប់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) រីឯក្រុមហ៊ុន ខុនអេឌីសុន (Con Edison) ដែលជាម្ចាស់ស្ថានីយថាមពលខាងលើ ក៏បានទទួលស្គាល់ថាមានហេតុការណ៍ឆ្លងចរន្តអគ្គិសនីនេះកើតឡើងផងដែរ ប៉ុន្តែក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុ ឡើយ ដោយគ្រាន់តែរៀបរាប់ឱ្យដឹងថា ខ្លួននឹងសហការជាមួយប៉ូលិសក្នុងទីក្រុងញូយ៉ក ហើយថានឹងផ្ដល់ព័ត៌មានបន្ថែមនៅពេលក្រោយ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃព្រហស្បតិ៍ដដែលនោះ ក៏មានបញ្ហាដាច់ចរន្តអគ្គិសនីនៅឯអាកាសយានដ្ឋាន ឡាហ្គាឌា (LaGuardia) ក្នុងតំបន់ Queens ដោយបណ្ដាលឱ្យជើងហោះហើរជាច្រើនត្រូវលុបចោលផងដែរ។ តែមកទល់នឹងពេលនេះ មិនទាន់មានការបញ្ជាក់ថា ហេតុការណ៍ទាំងពីរនេះមានជាប់ពាក់ព័ន្ធនឹងគ្នា ឬយ៉ាងណានោះទេ៕