(អង់ការ៉ា)៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋតួកគី អាណឌូលូ (Anadolu) បានឱ្យដឹងថា បារាំងនឹងបន្តតំបន់យោធា ០៩ទីតាំងរបស់ខ្លូននៅក្នុងប្រទេសស៊ីរី ខណៈចំនួនយោធាបារាំងកំពុងឈរជើង នៅតំបន់គ្រប់គ្រងដោយក្រុមឧទ្ទាម YPG និង PKK នៅតាមតំបន់ទន្លេ អឺប្រាតស៍ (Euphrates) មានចំនួន ២០០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
សេចក្ដីរាយការណ៍របស់ Anadolu ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បាន សម្ដែងការសោកស្ដាយជាខ្លាំង ចំពោះការសម្រេចចិត្តដកកងទ័ពជាង ២,០០០នាក់ ចេញពីប្រទេសស៊ីរី ហើយថាបារាំងនឹងបន្តរក្សាវត្ដមានយោធានៅក្នុងប្រទេសស៊ីរីដដែល។
ដោយឡែកបើតាមសារព័ត៌មានបារាំង កងទ័ពបារាំងទាំង ២០០នាក់ខាងលើ កំពុង ឈរជើងនៅក្នុងទីក្រុងភាគខាងជើងតំបន់អេនអាល់ប្រាប (Ain al-Arab ឬ Kobani), តំបន់ទួលមីស្តានួរ (Mistanur Hill), តំបន់សារីន (Sarrin), ទីក្រុងអេនអ៊ីស្សា (Ain Issa), តំបន់ហារ៉ាប់អ៊ីសក៍ (Harab Isk), ខេត្តរ៉ាកកា (Raqqa), ខេត្តកាហារ (Kahar), មូលដ្ឋានទ័ពអាកាស តាបកា (Tabqa) និងតំបន់មួយនៃខេត្តមែនបីច (Manbij) ជាដើម។
គួរបញ្ជាក់ថា បើតាមរដ្ឋាភិបាលទីក្រុងអង់ការ៉ា យោធាបារាំងកំពុងគំាទ្រ និងការពារក្រុមឧទ្ទាមឃើដ YPG និង PKK ដែលត្រូវបានតួកគីចាត់ទុកថា ជាក្រុមភេរវករ ហើយទន្ទឹមគ្នា នេះរដ្ឋមន្ត្រីការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) ក៏បានព្រមានដែរថា ការបន្តរក្សាវត្តមានយោធាបារាំងនៅក្នុងប្រទេសស៊ីរីនឹងមិនផ្ដល់ផលចំណេញដល់អ្នកគ្រប់គ្នានោះទេ៕