(ហាណូយ)៖ បុរស០៦នាក់ត្រូវបានចាប់ខ្លួន នៅភាគកណ្តាលប្រទេសវៀតណាម ដោយសារការសម្លាប់ និងបរិភោគប្រភេទសត្វស្វាជិតផុតពូជមួយក្បាល ដោយបង្ហោះ Live ផ្ទាល់តាមបណ្តាញទំនាក់ទំនងសង្គមថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
បុរសទាំង ០៦នាក់ មានអាយុចន្លោះពី ៣៥-៥៩ឆ្នាំ បានប្រើទូរស័ព្ទថតបង្ហោះសកម្មភាពដ៏ឃោរឃៅរបស់ពួកគេ ដែលកំពុងតែបរិភោគសត្វស្វាមួយក្បាលទាំងរស់ នៅលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅ ខណៈជនទាំងនោះត្រូវបានអាជ្ញាធរវៀតណាមកំណត់អត្តសញ្ញាណ និងចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរជម្រាបថា សត្វស្វាខាងលើគឺជាប្រភេទដែលជិតផុតពូជខ្លាំងមួយនៅលើពិភពលោក ហើយពួកវាមានវត្តមានតែនៅតំបន់ភាគខាងជើងវៀតណាមប៉ុណ្ណោះ។ បុរសម្នាក់ក្នុងចំណោមបក្សពួកទាំង០៦នាក់ បានទិញសត្វស្វាខាងលើ ពីព្រានព្រៃក្នុងតម្លៃ៤៩ដុល្លារ។
ការរត់ពន្ធ និងបរិភោគអម្បូរសត្វកម្រ និងជិតផុតពូជមានការរីករាលដាលខ្លាំងនៅក្នុងប្រទេសវៀតណាម ដោយជនជាតិវៀតណាមភាគច្រើននៅតែជឿថា សត្វទាំងនោះអាចជួយបំប៉នសុខភាព និងព្យាបាលជំងឺបាន។ ប៉ុន្តែការជួញដូរអម្បូរសត្វទាំងនេះ កើតមានឡើងតែនៅក្នុងទីផ្សារងងឹតប៉ុណ្ណោះ ហើយមិនងាយមានការផ្សព្វផ្សាយជាសាធារណៈនូវការសម្លាប់ និងបរិភោគពួកវាឡើយ ព្រោះសត្វទាំងនេះស្ថិតក្រោមការការពាររបស់ច្បាប់នៃប្រទេសវៀតណាម៕