(ចិន)៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន អាលីបាបា បានបើកសម្ពោធសណ្ឋាគារថ្មីមួយរបស់ខ្លួន ឈ្មោះថា FlyZoo នៅប្រទេសចិន ដោយសណ្ឋាគារនេះ មានបំពាក់ទៅដោយមនុស្សយន្ដ និងបច្ចេកវិទ្យាបញ្ញានិម្មិត (Artificial Intelligence- AI) សម្រាប់ធ្វើកិច្ចការផ្សេងៗដោយស្វ័យប្រវត្តិ ដូចជា check in បិទបើកអំពូលភ្លើង និងរៀបចំបន្ទប់ជាដើម។
ដោយមានទីតាំងនៅក្បែរស្នាក់ការធំរបស់អាលីបាបា នាខេត្តជឺជាំង សណ្ឋាគារនេះ គឺជាសណ្ឋាគារបែបអនាគត ដំបូងបង្អស់របស់ក្រុមហ៊ុន។ អតិថិជនអាច check in បានដោយគ្រាន់តែស្គេនមុខតែប៉ុណ្ណោះ។ ប្រព័ន្ធសម្គាល់មុខនេះ ក៏ជួយឲ្យអតិថិជនអាចបើកសោរបន្ទប់ និងប្រើសេវាផ្សេងៗទៀត របស់សណ្ឋាគារបានផងដែរ។
ភ្ញៀវអាចបិទបើកភ្លើង ទូរទស្សន៍ និងវាំងនន នៅក្នុងបន្ទប់បានដោយប្រើប្រព័ន្ធបញ្ជា ដោយសំឡេងដែលក្រុមហ៊ុនអាលីបាបា បានបង្កើតឡើង។ នៅឯអាហារដ្ឋានវិញ គេបានដាក់មនុស្សយន្ដឲ្យមករត់តុជំនួសមនុស្ស។
ភ្ញៀវអាចកក់បន្ទប់និង check out បានតាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃ។ វត្តមានរបស់សណ្ឋាគារនេះ គឺជាភស្តុតាងមួយដែលបង្ហាញឲ្យឃើញ អំពីការវាយលុក របស់ក្រុមហ៊ុនបច្ចេកវិទ្យាចិនផ្សេងៗ ទៅក្នុងវិស័យដែលមិនសូវប្រើបច្ចេកវិទ្យា ដូចជាវិស័យបដិសណ្ឋារកិច្ចនេះឯង។
លោក សម វ៉ាង ភ្ញៀវសណ្ឋាគារ បាននិយាយថា «យើងមិនចាំបាច់ខ្ចះខ្ជាយពេលវេលា តម្រង់ជួរចាំ check in ទៀតទេ។ មានសេវាច្រើនណាស់នៅទីនេះ ដែលយើងអាចប្រើបានដោយបញ្ជាតាមទូរស័ព្ទដៃ។ បច្ចេកវិទ្យា និងសម្ភារដ៏ឆ្លាតវ័យទាំងនេះ ធ្វើឲ្យខ្ញុំមានអារម្មណ៍ថា កាន់តែមានសុវត្ថិភាពជាងមុនទៅទៀត។ មានមតិខ្លះលើកឡើងថា មនុស្សយន្ដអាចមកដណ្ដើមការងារមនុស្ស ប៉ុន្តែបុគ្គលិកសណ្ឋាគារ FlyZoo មិនគិតដូច្នេះទេ»។
អ្នកនាង ស៊ុន សៀវធីង បុគ្គលិក សណ្ឋាគារ FlyZoo បានឲ្យដឹងថា «ខ្ញុំមិនបារម្ភពីរឿងមនុស្សយន្ដ មកដណ្ដើមការងារពីខ្ញុំទេ ពីព្រោះវាធ្វើបានតែកិច្ចការសាមញ្ញៗប៉ុណ្ណោះ។ អ្នកដែលអាចផ្ដល់សេវាកាន់តែល្អ ជូនអតិថិជនពិតប្រាកដ គឺនៅតែជាមនុស្សដដែល។ ពេលមានមនុស្សយន្ដ យើងសន្សំពេលវេលាបានច្រើនជាងមុន ហើយយើងអាចប្រើពេលវេលានោះ ទៅផ្ដល់សេវាកម្មជូនភ្ញៀវ បានកាន់តែល្អ»។
សណ្ឋាគារជាច្រើន នៅទូទាំងពិភពលោក កំពុងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា ដើម្បីបំពាក់បច្ចេកវិទ្យា IA និង IoT ទៅក្នុងសណ្ឋាគារ។ ហើយនាយកប្រតិបត្តិសណ្ឋាគារ FlyZoo ក៏បានបញ្ជាក់ដែរថា សណ្ឋាគារនេះ នៅតែយកចិត្តទុកដាក់ជាអាទិភាព ទៅលើសុវត្ថិភាព និងសេវាកម្មល្អដដែល។
លោក វ៉ាង ឈុន នាយកប្រតិបត្តិ សណ្ឋាគារ FlyZoo បានបន្ថែមទៀតថា «ចំនុចទីមួយគឺថា យើងនឹងគោរពតាមគោលការណ៍ និងច្បាប់ដែលមាននៅក្នុងប្រទេសទាំងស្រុងតែម្ដង។ ហើយទី២ ដោយហេតុថា ប្រព័ន្ធគ្រប់គ្រងទិន្នន័យ ក្នុងក្លោដរបស់យើងមានសមត្ថភាពខ្ពស់ យើងក៏មានសមត្ថភាពកាន់តែខ្ពស់ សម្រាប់ការពារទិន្នន័យ និងព័ត៌មានឯកជនរបស់អតិថិជនយើងដែរ»៕ (សារព័ត៌មាន CCTV របស់ចិន)