(ហ្សាការតា)៖ គ្រោះរញ្ជួយផែនដីកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារខេត្តប៉ាពួបារ៉ាត (Papua Barat) នៃភាគខាងកើតប្រទេសឥណ្ឌូណេស៊ី នាព្រឹកថ្ងៃសុក្រនេះតែម្តង ប៉ុន្តែអាជ្ញាធរពុំបានចេញសេចក្តីព្រមានណាមួយថា វានឹងអាចកើតមានរលកយក្សស៊ូណាមិនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីខាងលើនេះ បានកើតមានឡើងនៅវេលាម៉ោង ១០៖០៣នាទីព្រឹក (ម៉ោងនៅរដ្ឋធានីហ្សាការតា) ដោយមានរំញ័រចេញពីក្នុងជម្រៅដី ២៦គីឡូម៉ែត្រ នៅតំបន់ ម៉ាណូក្វារី (Manokwari) ភាគអាគ្នេយ៍ប្រទេស។ លោក មូហាំម៉េដ ហ្វាឌីឡា (Muhammad Fadila) មន្ត្រីទីភ្នាក់ងារគ្រប់គ្រងភូមិសាស្ត្រ និងឧតុនិយមឥណ្ឌូណេស៊ីបានបញ្ជាក់នៅមុននេះបន្តិចថា «មកទល់ពេលនេះ ពុំទាន់មានការព្រមានណាមួយថា នឹងអាចកើតមានរលកយក្សស៊ូណាមិនោះឡើយ...។ ការរញ្ជួយដីបានបង្កឲ្យប្រជាជនទាំងអស់ភិតភ័យ និងចេញពីលំនៅឋានមកកាន់ទីវាលគ្រប់ៗគ្នាតែម្តងនៅក្នុងតំបន់ Manokwari នៃខេត្ត Papua Barat។»
គួរបញ្ជាក់ថា រំញ័រខាងលើនេះបានអូសបន្លាយរយៈពេល ៥នាទី ខណៈមិនទាន់មានព័ត៌មានណាមួយបញ្ជាក់ពីទំហំនៃការខូចខាត ឬក៏ចំនួនមនុស្សរងគ្រោះនោះឡើយ។ វាបានកើតមានឡើងតែ ៦ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីបន្ទុះភ្នំភ្លើងនៅចន្លោះកោះជ្វា និងស៊ូម៉ាត្រា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន បានបង្កជារលកយក្សស៊ូណាមិ និងបានសម្លាប់មនុស្ស ៤២៩នាក់, បាត់ខ្លួនជាង១៥០នាក់ និងជាង ១,៤០០នាក់ទៀតរងរបួស៕