(ប៉េកាំង)៖ ចិនចាប់ផ្តើមការសាងសង់ដំណាក់កាលទីពីរ នៃស្ថានីយស្រាវជ្រាវ ថៃសាន (Taishan) នៅតំបន់អង់តាក់ទិកនៃប៉ូលខាងត្បូងភពផែនដី ដោយគោលដៅចម្បងគឺការដំឡើងប្រព័ន្ធផ្គត់ផ្គង់ឲ្យហើយសម្រាប់ស្ថានីយនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Global Times នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
ក្រុមអ្នកស្រាវជ្រាវចិនចំនួន ២១នាក់ បានធ្វើដំណើរទៅដល់ស្ថានីយ Taishan កាលពីថ្ងៃអង្គារ ហើយពួកគេនឹងបញ្ចប់ការសាងសង់ជំហានទីពីរនេះ ដែលមានរួមការដំឡើងប្រព័ន្ធសម្រាប់ផលិតថាមពលអគ្គិសនី សម្រាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងសម្រាប់រំលាយព្រិលជាដើម។
សម្រាប់ទ្វីបអង់តាក់ទិក គឺមិនទាន់មានការប្រកួតប្រជែងឥទ្ធិពលខ្លាំង ដូចមហាសមុទ្រទឹកកកអាក់ទិចនោះឡើយ។ ចំពោះមហាសមុទ្រទឹកកកអាក់ទិចវិញ គឺជាដែនសមុទ្រដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់អន្តរជាតិ ប៉ុន្តែបច្ចុប្បន្ននេះបណ្តាប្រទេសមហាយក្សធំៗដូចជា រុស្ស៊ី ចិន រុស្ស៊ី និងបណ្តាប្រទេសអឺរ៉ុបមួយចំនួន កំពុងតែបង្កើនសកម្មភាពយ៉ាងខ្លាំង ចំពោះមុខការព្យាករណ៍ថា សមរភូមិដណ្តើមផលប្រយោជន៍ នឹងកើតមានឡើងនៅពេលអនាគតសម្រាប់តំបន់នេះ។
គួរជម្រាបថា សម្រាប់តំបន់ប៉ូលខាងត្បូងផែនដី ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅនេះ ចិនបានបង្កើតស្ថានីយស្រាវជ្រាវចំនួន ០៤កន្លែងរួមមានស្ថានីយ មហាកំផែង (Great Wall), ចុងសាន (Zhongshan), ឃុនលុន (Kunlun), និង ថៃសាន (Taishan)។ ស្ថានីយ Taishan មានទីតាំងស្ថិតនៅចន្លោះស្ថានីយ Kunlun និង Zhongshan ហើយវាត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីខែកុម្ភៈ ឆ្នាំ២០១៤ ក្រោយការសាងសង់ដំណាក់កាលទីមួយត្រូវបានបញ្ចប់៕