(សាន់ហ្វ្រាន់ស៊ីស្កូ)៖ បុរសម្នាក់មកពីរដ្ឋ អូរ៉េហ្គន (Oregon) សហរដ្ឋអាមេរិក បានក្លាយជាមនុស្សដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលបានផ្សងព្រេងឆ្លងកាត់ទ្វីបអង់តាក់ទិកស្ថិតនៅប៉ូលខាងត្បូងភពផែនដីតែម្នាក់ ដោយពុំមានការជួយណាមួយឡើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៨ ខែធ្នូ ឆ្នាំ២០១៨។
លោក ខូលីន អូប្រេដឌី (Colin O'Brady) ដែលជាអត្តពលិកម្នាក់រស់នៅក្នុងទីក្រុង ផតឡេន (Portland) នៃរដ្ឋ Oregon ទីបំផុតបានបញ្ចប់ដំណើរផ្សងព្រេងពោរពេញដោយភាពប្រថុយប្រថានបំផុតរបស់ខ្លួន ដែលមានរយៈពេល ៥៤ថ្ងៃ និងចម្ងាយ ១,៥០០គីឡូម៉ែត្រ តែម្នាក់ដោយពុំមានជំនួយពីមជ្ឈដ្ឋានខាងក្រៅណាមួយឡើយ។
គួរជម្រាបថា លោក O'Brady កាលពីខែមុនបានចាប់ផ្តើមការផ្សងព្រេងរបស់លោក ពីតំបន់ រ៉ូនណេ អាយស៍ សែលហ្វ៍ (Ronne Ice Shelf) ភាគពាយ័ព្យទ្វីបអង់តាក់ទិក ហើយបានទៅដល់តំបន់ រ៉ូសស៍ អាយស៍ សែលហ្វ៍ (Ross Ice Shelf) ដែលនៅចុងភាគខាងត្បូងជាប់នឹងសមុទ្រ។ នរណាក៏ដឹងថា ទ្វីបអង់តាក់ទិកគឺជាកន្លែងដែលត្រជាក់បំផុត ស្ថិតនៅប៉ូលខាងត្បូងភពផែនដី ដែលស្ទើរតែគ្មានមនុស្សរស់នៅ ឬអាចរស់នៅដោយសុខសាន្តនោះឡើយ៕