(បាកដាដ)៖ សមាជិកសភា និងអ្នកនយោបាយអ៊ីរ៉ាក់ជាច្រើននាក់ បានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនិច្ចដ៏ភ្ញាក់ផ្អើលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មកកាន់ប្រទេសអ៊ីរ៉ាក់ដើម្បីសួរសុខទុក្ខកងទ័ពអាមេរិក ដោយថែមទាំងចាត់ទុកដែរថាវាគឺជាការរំលោភបំពានលើដែនអធិបតេយ្យភាពអ៊ីរ៉ាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
ដំណើរទស្សនកិច្ចមកកាន់ប្រទេសអ៊ីរ៉ាក់ ដោយមិនប្រកាសជាមុនរបស់លោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះ បានធ្វើឡើជាលើកដំបូងបំផុតក្នុងរយៈពេលជា០២ឆ្នាំមកនេះនៃអាណត្តិជាប្រធានាធិបតីអាមេរិក។ ប៉ុន្តែមជ្ឈដ្ឋានខ្លះមើលឃើញថា លោក ត្រាំ មានបំណងប្រើបា្រស់ដំណើរទស្សនកិច្ចនេះ ដើម្បីស្ដារប្រជាប្រិយភាពឡើងវិញក្រោយបានបង្កភាពចម្រូងចម្រាស់ជុំវិញការសម្រេចចិត្តដកកងទ័ពអាមេរិកជាង ២,០០០នាក់ ចេញពីប្រទេសស៊ីរី និងបន្ទាប់ពីលោកបានបង្ខំឱ្យរដ្ឋមន្ត្រីការពារជាតិលោក ចេមស៍ ម៉ាត់ទីស (James Mattis) ចុះចេញពីតំណែងមុនកាលកំណត់ ដោយសារតែហ៊ានរិះគន់គោលនយោបាយរបស់លោក។
ប៉ុន្តែទន្ទឹមគ្នានោះដែរ សមាជិកសភា និងអ្នកនយោបាយអ៊ីរ៉ាក់ជាច្រើននាក់ ដូចជាលោក Sabah al Saadi បានថ្កោលទោសយ៉ាងខ្លាំងចំពោះដំណើរទស្សនិច្ចនេះ ជាមួយការស្នើឱ្យមានកិច្ចប្រជុំសភាជាបន្ទាន់ដើម្បីពិភាក្សាគ្នាពីការរំលោភលើអធិបតេយ្យភាព និងសកម្មភាពឈា្លនពានរបស់លោក ដូណាល់ ត្រាំ ដែលគួរតែស្គាល់ពីបន្ទាត់ព្រំដែនរបស់ខ្លួននោះគឺថាអាណានិគមអាមេរិក លើប្រទេសអ៊ីរ៉ាក់បានបញ្ចប់ហើយ។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ជាមួយជំទាវទីមួយ លោកស្រី មេឡានៀ ត្រាំ (Melania Trump) និងថ្លែងសុន្ទរកថានៅឯមូលដ្ឋានទ័ពអាកាស អាល់ អាសេដ (Al Asad Air Base) ស្ថិតនៅខាងលិចទីក្រុងបាកដាដ។
លោក ត្រាំ បានចំណាយពេល០៣ម៉ោងក្នុងការសំណេះសំណាលជាមួយកងទ័ពអាមេរិក។ ម្យ៉ាងវិញទៀត បើតាមការគ្រោងទុក លោកត្រូវជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាប់ឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) ប៉ុន្តែនៅចុងបញ្ចប់មេដឹកនាំទាំងពីរបានត្រឹមជជែកគ្នាតាមទូរស័ព្ទប៉ុណ្ណោះ ព្រោះមានបញ្ហាទីតាំង និងពេលវេលាត្រូវរៀបចំជំនួបរវាងមេដឹកនាំទាំងពីរ៕