(អាហ្វ្រិកខាងត្បូង)៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សហកម្មអាហ្វ្រិកខាងត្បូង លោក Rob Davies បាននិយាយថាទ្វីបអាហ្រ្វិកទាំងមូលនឹងក្លាយជាតំបន់ពាណិជ្ជកម្មសេរីដ៏ធំមួយនៅលើពិភពលោក នៅក្នុងបរិបទដែលឥទ្ធិពល និងការវិយោគរបស់ចិនកាន់តែរីកធំឡើងជាលំដាប់នៅក្នុងតំបន់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
លោក Rob Davies ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីសភាអាហ្វ្រិកខាងត្បូង និងតូហ្គោបានផ្ដល់សច្ចាប័ននៅក្នុងខែធ្នូនេះ លើកិច្ចព្រមព្រៀងមួយក្នុងការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាហ្រ្វិក (AfCFTA) ដែលមកទល់នឹងពេលនេះមានប្រទេសចំនួន៤៩គាំទ្រ។ លោក Davies បន្ថែមថា នៅក្នុងករណីកិច្ចព្រមព្រៀងនេះទៀតសោតត្រូវចូលជាធរមាន នោះវាបង្កើតទៅជាតំបន់ពាណិជ្ជកម្ម ពន្ធគយ និងទីផ្សារសេរីដ៏ធំមួយរបស់ប្រជាជនជាង ១.២ពាន់លាននាក់ នៅក្នុងប្រទេសអាហ្រ្វិកចំនួន៥៥ ជាមួយកំណើនផលិតផលនៅក្នុងស្រុកសរុប ៣ទ្រីលានដុល្លារ។
គួរជម្រាបថា បើតាមលោក Rob Davies ការបង្កើតតំបន់ពាណិជ្ជកម្មសេរីតម្រូវឱ្យមានប្រទេសយ៉ាងហោចណាស់២២ ផ្ដល់សច្ចាប័ន ហើយបច្ចុប្បន្ន មានប្រទេសអាហ្វ្រិកចំនួន១៥បានផ្ដល់សច្ចាប័ន និង៧ទៀតកំពុងស្ថិតនៅក្នុងការពិចារណា៕