(សេងយ៉ាង)៖ អតីតអនុរដ្ឋមន្ត្រីសន្តិសុខរដ្ឋចិនលោក ម៉ា ចៀន (Ma Jian) ត្រូវបានតុលាការចិនផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត ក្រោយពីរូបលោកត្រូវបានគេរកឃើញថា បានទទួលប្រាក់សូកប៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
ក្រៅពីការរកឃើញអំពើរលួយ ដែលត្រូវបានប្រព្រឹត្តដោយអតីតមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលចិនខាងលើនេះ តុលាការទីក្រុងដាលៀន (Dalian) នៃខេត្តលាវណីង (Liaoning) ថែមទាំងបានបញ្ជាក់ទៀតថា លោក ម៉ា បានប្រើប្រាស់អំណាចក្នុងផ្លូវខុស ដូចជាការបង្ខំឲ្យមានការផ្លាស់ប្តូរក្នុងវិស័យពាណិជ្ជកម្មជាដើម។
គួរបញ្ជាក់ថា ការកាត់ក្តីខាងលើនេះមានន័យថា ជីវិតនយោបាយរបស់លោក Ma Jian ត្រូវបានបញ្ចប់ទាំងស្រុង ខណៈទ្រព្យសម្បត្តិរបស់លោកទាំងអស់ត្រូវរឹបអូស។ លោក Ma បានសារភាពកំហុសរបស់លោកទាំងអស់ចំពោះមុខតុលាការ ហើយលោកបានអះអាងទៀតថា នឹងមិនប្តឹងឧទ្ធរណ៍នោះឡើយ៕