(ម៉ុមបៃ)៖ ស្រ្តីជនជាតិឥណ្ឌាម្នាក់បានរៀបចំផែនការ កាត់ប្រដាប់ភេទរបស់បុរសម្នាក់ ដោយសារតែអត់ទ្រាំនឹងការតាមរំខានម្តងហើយម្តងទៀត ពីសំណាក់បុរសនោះលែងបានតទៅទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
បើតាមប៉ូលិសឥណ្ឌា ស្រ្តីខាងលើមានវ័យ ៤៧ឆ្នាំ រួមជាមួយបុរសពីរនាក់ទៀតជាអ្នកផ្សំគំនិត បានបញ្ឆោតបុរសជាជនរងគ្រោះ ដែលត្រូវជាអ្នកជិតខាងរបស់ខ្លួនផងដែរ ទៅកាន់កន្លែងស្ងាត់មួយនៅក្នុងក្រុងទីក្រុងម៉ុមបៃ មុនពេលបង្ខំកាត់អវយវៈភេទរបស់ជនម្នាក់នោះជាក្រោយ។ បុរសរងគ្រោះបាត់បង់លិង្គរូបនោះមានអាយុ ២៧ឆ្នាំ ត្រូវបានគេអះអាងថា ធ្លាប់បានសុំស្រ្តីខាងលើរួមភេទ ខណៈដែលនាងមានកូនពីរនាក់រួចទៅហើយ។ បន្ថែមពីនេះរូបគេក៏បានប្រាប់ប្តីរបស់ស្ត្រីនោះទៀតថា ខ្លួនកំពុងស្រឡាញ់ប្រពន្ធគេ ដែលជាហេតុបង្កឲ្យមានការឈ្លោះប្រកែកគ្នា រវាងប្តីប្រពន្ធទាំងពីរនាក់ផងដែរ។
ទំនងជាអត់ទ្រាំនឹងការរំខានលែងបានតទៀត ស្រ្តីខាងលើបានសុំឲ្យបុរសវ័យកណ្តាលពីរនាក់ទៀត ដែលរស់នៅក្នុងភូមិជាមួយគ្នាឲ្យជួយ ហើយពួកគេបានទាក់ទងទៅបុរសជាជនរងគ្រោះ ហើយបញ្ឆោតបុរសនោះទៅកាន់កន្លែងស្ងាត់មួយកាលពីថ្ងៃអង្គារ។ រំពិចនោះស្រ្តីដៃដល់ក៏បានបង្ខំកាត់លិង្គរបស់បុរស ដែលតែងធ្វើទុក្ខបុកម្នេញនោះ រួចបោះចោលកណ្តាលផ្លូវ ហើយក្រោយមកជនរងគ្រោះត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរជម្រាបថា កាំបិត និងអវយវៈភេទត្រូវបានរកឃើញនៅកន្លែងកើតហេតុ ហើយជនបង្កទាំង ០៣នាក់ កំពុងស្ថិតក្នុងការឃាត់ខ្លួនរបស់ប៉ូលិស។ ចំណែកឯព័ត៌មានផ្សេងទៀតឲ្យដឹងថា បុរសដែលត្រូវគេកាត់ប្រដាប់បន្តពូជនោះ បានឆ្លងកាត់ការវះកាត់ដើម្បីសង្រ្គោះជីវិត និងកំពុងសម្រាកនៅឯមន្ទីរពេទ្យ៕