(ហុងកុង)៖ ក្រុមហ៊ុនបច្ចេកវិជ្ជា និងទូរគមនាគមន៍ធំបំផុតរបស់ចិន Huawei បានប្រកាសថា ប្រាក់ចំណូលរបស់ខ្លួនសម្រាប់រយៈពេលពេញមួយឆ្នាំ២០១៨នេះ អាចនឹងលោតឡើងដល់១០៩ពាន់លានដុល្លារអាមេរិក ដែលកើនលើសឆ្នាំមុនរហូតដល់ទៅ ២១ភាគរយឯណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
ចំពោះមុខភាពជោគជ័យនេះលោកប្រធាន កូវ ភីង (Guo Ping) បាននិយាយថា ក្រុមហ៊ុនរបស់លោក នៅតែរក្សាបានកិច្ចសន្យាទិញប្រព័ន្ធ5G ពីអតិថិជនចំនួន២៦ ហើយបន្ថែមពីនេះស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei ក៏រំពឹងលក់បានលើស ២០០លានគ្រឿងផងដែរសម្រាប់ពេញមួយឆ្នាំ២០១៨ តែម្តង។
គួរបញ្ជាក់ថា Huawei គឺជាក្រុមហ៊ុនទូរគមនាគមន៍ធំជាងគេបំផុតរបស់សកលោក និងជាក្រុមហ៊ុនផលិតស្មាតហ្វូន ដែលលក់បានច្រើនបំផុតលំដាប់ទី២ លើលោកផងដែរ។ ទោះបីជាមានភាពរកាំរកូសមួយចំនួន ទាក់ទងទៅនឹងការចាប់នាយកហិរញ្ញវត្ថុនៅប្រទេសកាណាដា និងយាយីពីសំណាក់ច្បាប់ពាណិជ្ជកម្មនៃសហរដ្ឋអាមេរិកក៏ដោយ ក៏ក្រុមហ៊ុនយក្សចិនមួយនេះ នៅតែទទួលបានផលចំណេញលើសលប់ពីវិស័យពាណិជ្ជកម្មរបស់ខ្លួន នៅទូទាំងពិភពលោកដដែល៕