(ហ្សាការតា)៖ ភ្នំភ្លើង អាណាក់ ក្រាកាតាវ (Anak Krakatoa) ដែលស្ថិតនៅលើកូនកោះ ក្រាកាតាវ នៅចន្លោះកោះជ្វា និងស៊ូម៉ាត្រានោះ កំពុងតែបង្ហាញសញ្ញាមិនស្រួលខ្លាំងឡើង ដោយមានកម្អែរផេះហុយច្រើនឡើងៗ បង្ខំឲ្យអាជ្ញាធរឥណ្ឌូណេស៊ីបង្កើតកម្រិតព្រមានចំពោះការផ្ទុះរបស់វានៅថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នារសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
បើតាមសារព័ត៌មានឥណ្ឌូណេស៊ី ប្រជាជន និងភ្ញៀវទេសចរនានាត្រូវបានណែនាំឲ្យស្ថិតនៅចម្ងាយយ៉ាងហោចណាស់ ៥០គីឡូម៉ែត្រពីភ្នំភ្លើង Anak Krakatoa ព្រោះវាកំពុងតែបង្ហាញសញ្ញារៀបផ្ទុះសាជាថ្មីហើយ ក្រោយពីការផ្ទុះឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ បានបង្កជារលកយក្សស៊ូណាមិ ដោយបានសម្លាប់មនុស្ស ៤២៩នាក់ និងបង្ករបួសជាង ១,៤០០នាក់ ខណៈមនុស្សជាង ១៥០នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។
គួរបញ្ជាក់ថា សំណងជារួមសំរាប់ក្រុមគ្រួសារជនរងគ្រោះទាំងអស់ ដែលមានសមាជិកស្លាប់ និងខូចខាតទ្រព្យសម្បត្តិដោយសាររលកយក្សស៊ូណាមិ កាលពីយប់ថ្ងៃសៅរ៍សប្តាហ៍មុន មានយ៉ាងហោចណាស់ក៏ ១ពាន់លានដុល្លារផងដែរ។ ដោយឡែកកាលពីម្សិលមិញនេះ គឺជាខួបឆ្នាំទី ១៤ នៃមហារលកយក្សស៊ូណាមិ ដែលបានកើតមានឡើងនៅមហាសមុទ្រ ឥណ្ឌា ដោយបានសម្លាប់មនុស្សជាង ១៧០,០០០នាក់៕