(កាប៊ុល)៖ អ្នកនាំពាក្យរបស់ក្រុមភេរវករ ISIS ឈ្មោះ ស៊ុលតង់ អាស៊ីស អាហ្សាម (Sultan Aziz Azam) បានបាត់បង់ជីវិត ដោយសារប្រតិបត្តិការវាយប្រហារតាមផ្លូវកាអាកាសរបស់កម្លាំងយោធានៅខេត្ត ណាងហ្គាហា (Nangarhar) ភាគខាងកើតអាហ្វហ្គានីស្ថាន។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
យោធាអាហ្វហ្គានីស្ថានបានចេញសេចក្តីថ្លែងការណ៍មួយឲ្យដឹងថា «ដោយយោងតាមរបាយការណ៍ស៊ើបការណ៍របស់យើង ក្រុមយន្តហោះដ្រូនបានបើកការវាយប្រហារ ទៅលើទីតាំងលាក់ខ្លួនរបស់ក្រុម ISIS ដែលស្ថិតក្នុងស្រុក ផាជីរ៉ាហ្គាំ (Pachiragam) នាថ្ងៃពុធម្សិលមិញ និងបានផ្តាច់ជីវិតបុគ្គល Sultan Aziz Azam ដែលជាអ្នកនាំពាក្យរបស់ក្រុមភេរវករជ្រុលនិយមនេះប្រចាំនៅអាហ្វហ្គានីស្ថាន»។
គួរជម្រាបថា បន្ថែមពីនេះជន Azam ក៏មានតួនាទីកេណ្ឌសមាជិកឲ្យក្រុម ISIS ដើម្បីវាយប្រហារបុគ្គលិករដ្ឋាភិបាល ជាពិសេសគឺក្រុមមន្រ្តីជាន់ខ្ពស់អាហ្វហ្គានីស្ថានផងដែរ៕