(បាកដាដ)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានប្រាប់​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហូ (Benjamin Netanyahu) កុំឲ្យ​ព្រួយបារម្ភខ្លាច​បាត់បង់ឥទ្ធិពលនៅក្នុងតំបន់ ក្រោយការដកកងទ័ព​អាមេរិកចេញពី​ប្រទេសស៊ីរី ព្រោះទីក្រុងវ៉ាស៊ីនតោន​កំពុងរៀបចំផ្ដល់​ប្រាក់ឱ្យអ៊ីស្រាអែល ៤.៥ពាន់លានដុល្លារ​ក្នុងមួយឆ្នាំ​យកទៅពង្រឹង​សមត្ថភាព និង​សន្តិសុខ។ នេះបើតាមការ​ចេញផ្សាយ​ដោយ​សារព័ត៌មាន RT រសៀលនៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។

ការលើកឡើង​របស់លោក ដូណាល់ ត្រាំ ធ្វើឡើងអំឡុងពេល​បំពេញដំណើរទស្សនកិច្ច ​ដ៏ខ្លីមួយ​ក្នុងប្រទេស​អ៊ីរ៉ាក់​នៅថ្ងៃពុធ​សប្ដាហ៍ នេះ និងជាការឆ្លើយតប​ទៅនឹងសំណួរនានា ពាក់ព័ន្ធផលអវិជ្ជមានលើ​អ៊ីស្រាអែល បន្ទាប់ពីអាមេរិក​ដកទ័ពចេញពី​ស៊ីរី។ នា​ឱកាស​នោះ​លោក ត្រាំ បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាននិយាយ​ជាមួយលោក Netanyahu ហើយខ្ញុំបាន​ប្រាប់លោកថា សហរដ្ឋអាមេរិក​កំពុងរៀបចំផ្ដល់​ប្រាក់ ៤.៥ពាន់លានដុល្លារ​ក្នុងមួយឆ្នាំឱ្យ​អ៊ីស្រាអែល និងកំពុងយកចិត្តទុក​ដាក់យ៉ាងខ្លាំងលើ​អ៊ីស្រាអែល... ដូច្នេះ​អ៊ីស្រាអែល​នឹងនៅតែរឹងមាំ និងមាន​សុវត្ថិភាព»

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ អ៊ីស្រាអែលបានទទួល​ជំនួយរាប់ពាន់លានដុល្លារ​ពីសហរដ្ឋអាមេរិក យកមក​ពង្រឹងសមត្ថភាព​យោធា រហូតដល់​រដ្ឋជី្វបមួយនេះមាន​សមត្ថភាពគ្រប់គ្រាន់ ​ក្នុងការការពារ​ខ្លួន និងក្លាយ​ជាមហាអំណាចមួយ នៅ​ក្នុងតំបន់មជ្ឈិមបូព៌ា៕