(ប៉ារីស)៖ មេដឹកនាំ​ក្រុមបាតុករ​អាវកាក់ពណ៌លឿង​លោក គ្រីស្តូប ឆាឡិនខុន (Christophe Chalençon) បានព្រមានជាថ្មី​ម្ដងទៀតថា សង្រ្គាមស៊ីវិល​នឹងផ្ទុះឡើង​នៅខែមករា ឆ្នាំ២០១៩ ហើយថែមទាំង​បានអំពាវនាវឱ្យយោធា​បារាំងធ្វើអន្តរាគមន៍​ទៀតផង ខណៈក្រុមបាតុករ​មួយ​ចំនួនធំហាក់​ដូចជាបានទទួលយក ​ការធ្វើសម្បទាន​របស់លោក​ប្រធានាធិបតី អែមម៉ានុយអែល ម៉ាក្រុង។ នេះបើតាម​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។

លោក Christophe Chalençon ធ្វើការកត់សម្គាល់​បែបនេះ នៅលើវីដេអូមួយ​​ដែលត្រុវបានបង្ហោះលើបណ្តាញសង្គម Facebook កាលពីថ្ងៃទី២៣ ខែធ្នូ កន្លងទៅ។ លោក Chalençon បានលើក​ឡើងយ៉ាងដូច្នេះថា «មធ្យោបាយ​តែមួយគត់ នោះគឺការបង្កើត​រដ្ឋាភិបាលអន្តរកាល​មួយ ដែល​អាចស្ដាប់ និងយល់ពីអ្វី​ដែលប្រជាជន​បារាំងចង់បាន... ប៉ុន្តែគួរតែ​យល់ច្បាស់ថា នៅដើម​ខែមករា ឆ្នាំ២០១៩ សង្រ្គាមស៊ីវិល​អាចនឹង​ផ្ទុះឡើង​ដោយចៀស​មិនរួច បើសិនជាសមាជិក​យើងណាម្នាក់ ត្រូវគេបាញ់​ប្រហារដោយ​គ្រាប់​កាំភ្លើង។ លើសពីនេះ​ទៅទៀត ខ្ញុំក៏​អំពាវនាវផងដែរឱ្យយោធា​ចូលរួមក្នុងល្បែង​មួយនេះ ដើម្បីបង្កើត​រដ្ឋាភិបាលអន្តរកាល​មួយឡើង»

គួរបញ្ជាក់ថា កាលពី​ថ្ងៃទី២២ ខែធ្នូ ក្រុមបាតុករអាវកាក់​ពណ៌លឿង​បាននាំគ្នាធ្វើបាតុកម្ម​តវ៉ាជាលើកទី ៦ របស់ពួកគេ​ប្រឆំាងនឹង​គោលនយោបាយ​របស់លោក ម៉ាក្រុង។ ប៉ុន្តែសន្ទុះនៃ​បាតុកម្មតវ៉ានេះ ត្រូវបានគេមើលឃើញ​មានសភាព​ថមថយ ក្រោយ​រដ្ឋាភិបាលលោក ម៉ាក្រុង យល់ផ្ដល់​សម្បទានដល់​ក្រុមបាតុករ ដែលអាច​ឲ្យអ្នកវិភាគ​មើលឃើញថា បាតុករភាគច្រើន​​បានយល់ព្រម​ទទួលយក​អ្វីៗ ​ដែលរដ្ឋាភិបាល ម៉ាក្រុង សម្រេចនឹងផ្តល់ឲ្យនោះហើយ៕