(ម៉ានីល)៖ ភ្នំភ្លើងសកម្មជាងគេនៅហ្វីលីពីន ម៉ាយ៉ុន (Mayon) បានជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់ ៦០០ម៉ែត្រ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈមួយរយៈចុងក្រោយគេហាក់ឃើញសកម្មភាពភ្នំភ្លើងនានាលើផែនដី ហាក់មានសកម្មភាពកញ្ជ្រោលខុសពីធម្មតាដូចជានៅ អ៊ីតាលី និងឥណ្ឌូណេស៊ីជាដើម។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
វិទ្យាស្ថានសិក្សាគ្រោះរញ្ជួយដី និងភ្នំភ្លើងនៃប្រទេសហ្វីលីពីន ហ្វីវូលស៍ (Phivolcs) បានឲ្យដឹងថា សកម្មភាពរបស់ភ្នំភ្លើង Mayon កំពុងស្ថិតក្នុងកម្រិតមធ្យម ហើយមិនរំពឹងថា នឹងមានហេតុការណ៍ផ្ទុះធ្ងន់ធ្ងរណាមួយកើតឡើងឡើយ ប៉ុន្តែអាជ្ញាធរបានព្រមានឲ្យប្រជាជនក្នុងតំបន់ស្ថិតនៅឲ្យឆ្ងាយពីតំបន់គ្រោះថ្នាក់ ដែលមានចម្ងាយ០៦គីឡូម៉ែត្រជុំវិញភ្នំភ្លើង។
គួរជម្រាបថា ភ្នំភ្លើងខាងលើនេះមានកម្ពស់ ២,៤៦០ម៉ែត្រ ស្ថិតនៅខេត្ត អាល់បេយ (Albay) ដែលមានចម្ងាយប្រហែល ៣០០គីឡូម៉ែត្រពីរដ្ឋធានីម៉ានីល នៅលើកោះលូហ្សូន (Luzon) ភាគខាងជើងប្រទេស។ ភ្នំភ្លើង Mayon គឺជាគោលដៅទេសចរណ៍ពេញនិយមមួយ នៅភាគខាងជើងហ្វីលីពីន ប៉ុន្តែវាមានប្រវត្តិនៃការផ្ទុះអាក្រក់ៗជាច្រើន ដោយរយៈពេល ៤០០ឆ្នាំចុងក្រោយនេះភ្នំភ្លើង Mayon បានផ្ទុះឡើងចំនួន ៥១ដង ដែលលើកចុងក្រោយបំផុតកើតឡើងកាលពីខែមករា ដើមឆ្នាំនេះ៕