(ការ៉ាកាស់)៖ អតីតមន្ត្រីយោធា​វេណេស៊ុយអេឡា ០៩នាក់ ត្រូវបានតុលាការ​កាត់ទោសដាក់​ពន្ធនាគារពី ០៥ឆ្នាំ ដល់ ០៨ឆ្នាំ ពីបទមាន​ជាប់ពាក់ព័ន្ធ​នឹងការរៀបចំ​​ផែនការ​ ផ្ដួលរំលំរដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ កាលពីជាង ០៥ឆ្នាំមុន បន្ទាប់ពីតុលាការ​ច្រាន​ចោលបណ្ដឹង​ឧទ្ធរណ៍របស់​ពួកគេ។ នេះបើតាម​សេចក្ដីថ្លែងការណ៍​របស់រដ្ឋាភិបាល​ទីក្រុងការ៉ាកាស់ ដកស្រង់ដោយ​​សារព័ត៌មាន Russian Today នៅព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។

សេចក្ដីថ្លែងការណ៍​ខាងលើដដែល​បានបញ្ជាក់យ៉ាងដូច្នេះថា «អតីតមន្ត្រីយោធាទាំង ០៩នាក់ ត្រូវបានផ្តន្ទាទោស​ដាក់ពន្ធនាគារ​ពី ០៥ឆ្នាំ ដល់ ០៨ឆ្នាំ ពីបទមានជាប់ពាក់ព័ន្ធ​នឹងការរៀបំ​ផែនការឧទ្ទាម និងបង្ក​អសេ្ថរភាព​ដែលគេស្គាល់​ថា Operation Jericho ប្រឆាំងនឹង​រដ្ឋាភិបាល​វេណេស៊ុយអេឡា​ កាលពីឆ្នាំ២០១៤»

គួរបញ្ជាក់ថា អតីតមន្ត្រីយោធាទាំង ០៩នាក់ខាងលើ ក៏ត្រូវបានគេ​ចោទប្រកាន់​ផងដែរថា មានទំនាក់ទំនង​ជាមួយអ្នកនយោបាយ​ប្រឆាំង និង​ជាមួយសហរដ្ឋអាមេរិក ហើយអ្នកទាំងនេះ​ក្នុងនោះមានទាំង​ឧត្ដមសេនីយ​លោក អូស្វាល់ដូ ហឺណាន់ដែស (Oswaldo Hernandez) ដែលត្រូវបានចាប់​ខ្លួន​ក្នុងចំណោម​យោធា ៣០នាក់ ​ក្រោមបទ​សង្ស័យថា​មានទាក់ទិន​ប្រតិបត្តិការ ជែរីចូ (Operation Jericho) នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៤៕