ក្រុមពលករមីយ៉ាន់ម៉ាខុសច្បាប់១០០នាក់ ដែលជាប់ឃុំនៅប្រទេសថៃ ត្រូវបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ (Video Inside)
27-12-2018 10:42
(រ៉ង់ហ្គូន)៖ ពលករមីយ៉ាន់ម៉ាខុសច្បាប់ ១០០នាក់ ដែលជាប់ឃុំនៅក្នុងប្រទេសថៃ ត្រូវបានបញ្ជូនត្រឡប់មកកាន់ប្រទេសកំណើតវិញហើយ ក្រោមកិច្ចសម្របសម្រួលរវាងអាជ្ញាធរប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
ពលករមីយ៉ាន់ម៉ាទាំង ១០០នាក់មាន ១៨នាក់ជាស្រ្តីបានត្រឡប់ទៅដល់ទីក្រុង ក័រធួង (Kawthoung) រដ្ឋកាយីន (Kayin) វិញហើយតាមរយៈទូកឆ្លងកាត់ខេត្ត រ៉ាណុង (Ranong) ប្រទេសថៃកាលពីថ្ងៃពុធ។ ពលករទាំងនេះភាគច្រើនមកពីទីក្រុង តានីនថាយី (Tanintharyi), រ៉ង់ហ្គូន (Yangon), បាហ្គោ (Bago), ម៉ាកវ៉ាយ (Magway), មន (Mon), រដ្ឋរ៉ាឃីន (Rakhine) និងរដ្ឋឈីន (Chin) ជាដើម។
គួរជម្រាបថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ពលករមីយ៉ាន់ម៉ាខុសច្បាប់ ១៥នាក់ ក៏ត្រូវបានបញ្ជូនត្រឡប់មកកាន់ស្រុកកំណើតវិញផងដែរ បន្ទាប់ពីពលករ ៧៣នាក់ផ្សេងទៀត ត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់ទៅកាន់ទីក្រុង មីយ៉ាវ៉ាដឌី (Myawaddy) របស់មីយ៉ាន់ម៉ា ដែលជាប់ព្រំដែនជាមួយប្រទេសថៃ៕