(បាកដាដ)៖ នៅក្នុងដំណើរ​ទស្សនកិច្ចលឿនដូចផ្លេកបន្ទោរ​ របស់​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកជំទាវទីមួយ មេឡានៀ ក្នុងប្រទេស​អ៊ីរ៉ាក់នោះ ការ​ប្រកាស​ជាថ្មី​អំពី​ការដកទ័ពចេញពីទឹកដី​ស៊ីរី គឺមិនមែនជា​រឿងថ្មីអ្វីឡើយ ប៉ុន្តែ​ការថ្លែង​ដ៏គួរឲ្យចាប់​អារម្មណ៍មួយទៀតនោះ គឺអតីត​មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ​របស់អាមេរិករូបនេះ បានប្រកាសថា សហរដ្ឋអាមេរិក​​នឹងបញ្ឈប់ការដើរតួ ជាប៉ូលិសរបស់អន្តរជាតិហើយ។ នេះបើតាមការ​ចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់​ចេញពី​ទីភ្នាក់ងារ AFP នាព្រឹក​ថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។

លោក ដូណាល់ ត្រាំ និងភរិយា​បណ្តូលចិត្ត ក្រោយពីបញ្ចប់ការ​ជួបជុំគ្រួសារ​ក្នុងថ្ងៃបុណ្យណូអ៊ែលនោះ លោកបានធ្វើដំណើរ​មក​ដល់ប្រទេសអ៊ីរ៉ាក់​ដោយសម្ងាត់ និងភ្ញាក់ផ្អើលបំផុត​នៅវេលាម៉ោង ៧៖១៦នាទីយប់​ថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨ (ម៉ោងនៅក្នុង​ទីក្រុងបាកដាដ) ដោយយន្តហោះពិសេសរបស់​លោក​បានចុះចត​នៅឯមូលដ្ឋានទ័ព​អាកាស អាល់ អាសេដ (Al Asad) នៃភាគខាងលិចទឹកដីអ៊ីរ៉ាក់។

មេដឹកនាំ​​ពិភពលោក ដែលគិត​តែប្រយោជន៍ជាតិ​ខ្លួនជាធំរូបនេះ​បានបញ្ជាក់នា​ឱកាស​នោះថា «វាមិនយុត្តិធម៌​នោះ​ឡើយ នៅពេលបន្ទុក​​ទាំង​អស់ធ្លាក់មក​លើយើង។ យើង​មិន​ចង់ទទួលយកប្រយោជន៍​អ្វីទៀតឡើយ ពីបណ្តាប្រទេស​​ដែល​ប្រើប្រាស់​យើង និងយោធា​ដ៏ប្រពៃ​របស់យើង​ដើម្បីការពារ​ពួកគេ ប៉ុន្តែពួកគេមិន​បាន​ចេញថ្លៃ​សេវា​ដែលពួក​គេសមត្រូវតែចេញនោះ​ឡើយ...។ យើង​បាន​​បង្កើនការជួយនៅជុំវិញពិភពលោក ទៅកាន់​បណ្តាប្រទេសដែលមនុស្សភាគ​ច្រើន​មិនបាន​យល់ដឹង... តាមពិតទៅ​វាគួរឲ្យ​អស់សំណើច​ខ្លាំងណាស់...។ អ្នកគ្មាន​ពេលទៀតទេ... អ្នក​បាន​ចំណាយពេល​គ្រប់គ្រាន់​ហើយ...»

គួរបញ្ជាក់ថា លោក​ ដូណាល់ ត្រាំ បានចំណាយ​ពេលត្រឹមតែ ០៣ម៉ោង​ក្នុងការសំណេះសំណាល​ជាមួយកងទ័ពអាមេរិក ​ហើយបាន​បន្តដំណើរទៅសួរសុខទុក្ខ​កងទ័ពអាមេរិកក្នុង​ប្រទេស​អាល្លឺម៉ង់។ ម្យ៉ាងវិញទៀត បើតាមការគ្រោង​លោកត្រូវជួបជាមួយ​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់​លោក អាប់ឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) ប៉ុន្តែនៅចុងបញ្ចប់មេដឹកនាំ​ទាំងពីរ បានត្រឹមជជែក​គ្នាតាមទូរស័ព្ទ​ប៉ុណ្ណោះ៕