(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតយន្តហោះអាមេរិក ស៊ីកូស្កាយ (Sikorsky) និងប៊ូអ៊ីង (Boeing) បានបង្ហាញរូបភាពនៃឧទ្ធម្ភាគចក្រ SB-1 Defiant ជាលើកដំបូង ដែលខ្លួនបាននិងកំពុងអភិវឌ្ឍន៍ឲ្យយោធាអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Boeing ឧទ្ធម្ភាគចក្រ SB-1 Defiant ត្រូវបានរចនាឡើង ដើម្បីអាចធ្វើការហោះហើរបានលឿន និងឆ្ងាយជាងឧទ្ធម្ភាគចក្រធម្មតាៗនាពេលបច្ចុប្បន្ន ហើយវាក៏មានសមត្ថភាពធ្វើចលនាបានរហ័សនិងងាយស្រួលផងដែរ។
គួរជម្រាបថា ឧទ្ធម្ភាគចក្រ Defiant ពីដំបូងឡើយត្រូវបានគ្រោងថា នឹងធ្វើការហោះហើរសាកល្បងក្នុងឆ្នាំ២០១៨នេះ តែបន្ទាប់ពីរកឃើញមានបញ្ហាផ្នែកបច្ចេកទេស គម្រោងនៃការធ្វើតេស្តក៏ត្រូវបានលើកទៅកាន់ឆ្នាំ២០១៩ ខាងមុខនេះវិញ។ ក្រុមហ៊ុន Boeing និង Sikorsky កំពុងប្រកួតប្រជែងជាមួយយន្តហោះ V-280 Valor Tiltrotor របស់ក្រុមហ៊ុន Bell ដែលជាប្រភេទយន្តហោះមានសមត្ថភាពហោះឡើងត្រង់ដូចឧទ្ធម្ភាគចក្រ៕