(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបំពេញដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយ ដើម្បីសួរសុខទុក្ខកងទ័ពអាមេរិកប្រចាំប្រទេសអ៊ីរ៉ាក់ នៅថ្ងៃពុធសប្ដាហ៍នេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកបានប្រកាសដកទ័ពចេញពីប្រទេសស៊ីរី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ឆ្នាំ២០១៨។
នេះគឺជាដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ដូណាល់ ត្រាំ មកកាន់ប្រទេសអ៊ីរ៉ាក់ អស់រយៈពេលជា ០២ឆ្នាំមកនេះនៃអាណត្តិជាប្រធានាធិបតីរបស់លោក។ ប៉ុន្តែមជ្ឈដ្ឋានខ្លះ មើលឃើញថា លោក ត្រាំ មានបំណងប្រើបា្រស់ដំណើរទស្សនកិច្ចនេះ ដើម្បីស្ដារ ប្រជាប្រិយភាពឡើងវិញក្រោយបានបង្កភាពចម្រូងចម្រាស់ ជុំវិញការសម្រេចចិត្តដកកងទ័ពអាមេរិកជាង ២,០០០នាក់ ចេញពីប្រទេសស៊ីរី និងបន្ទាប់ពីលោកបានបង្ខំឱ្យរដ្ឋមន្ត្រីការពារជាតិលោក ចេមស៍ ម៉ាត់ទីស (James Mattis) ចុះចេញពីតំណែងមុនកាលកំណត់ ដោយសារតែហ៊ានរិះគន់គោលនយោបាយរបស់លោក។
លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ជាមួយជំទាវទីមួយលោកស្រី មេឡានៀ ត្រាំ (Melania Trump) និងថ្លែងសុន្ទរកថានៅឯមូលដ្ឋានទ័ពអាកាស អាល់ អាសេដ (Al Asad Air Base) ស្ថិតនៅខាងលិចទីក្រុងបាកដាដ។ នាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះនៅ តែការពារការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពចេញពីស៊ីរីដោយសំអាងថា ISIS ត្រូវបានកម្ចាត់។ លោក ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «វត្តមានរបស់យើងនៅក្នុងប្រទេសស៊ីរី មិនមែនមានកាលកំណត់នោះទេ ហើយមិនមានលក្ខណៈអចិន្ត្រៃយ៍ដែរ... ដូច្នេះកងទ័ពរបស់យើងអាចត្រឡប់ទៅផ្ទះ ជួបជុំគ្រួសាររបស់ពួកគេវិញ»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានចំណាយពេលត្រឹមតែ ០៣ម៉ោងក្នុងការសំណេះសំណាលជាមួយកងទ័ពអាមេរិក ហើយបានបន្តដំណើរទៅសួរសុខទុក្ខកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់។ ម្យ៉ាងវិញទៀត បើតាមការគ្រោងលោកត្រូវជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក អាប់ឌែល អាប់ឌុល ម៉ាហ៍ឌី (Adel Abdul Mahdi) ប៉ុន្តែនៅចុងបញ្ចប់មេដឹកនាំទាំងពីរ បានត្រឹមជជែកគ្នាតាមទូរស័ព្ទប៉ុណ្ណោះ៕