(ឥណ្ឌូណេស៊ី)៖ កាល​ពី​​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ២០១៨ ​ប្រទេស ឥណ្ឌូណេស៊ី បាន​ជួប​សោកនាដកម្ម​យ៉ាង​ធ្ងន់​ធ្ងរ បន្ទាប់ពី​មាន​ហេតុការណ៍​ផ្ទុះ និងការដួលរលំនៃភ្នំភ្លើង nak Krakatau ស្ថិត​នៅ​ច្រកសមុទ្រ Sunda បង្ក​ឱ្យ​មាន​រលកស៊ូណាមី​វាយប្រហារខេត្ត ​Banten និង Lampung ​ជាប់​ឆ្នេរ​សមុទ្រ​នៃ​ប្រទេសឥណ្ឌូនេស៊ី។ យោងទៅតាមកាសែត The Guardian បាន​ឱ្យ​ដឹង​ថា រលកយក្សស៊ូណាមី ត្រូវគេជឿថា​បណ្តាល​មកពី​ការ​បាក់​ដី​ក្រោម​សមុទ្រ​ដែល​បាន​កើត​ឡើង បន្ទាប់ពីការផ្ទុះភ្នំភ្លើង nak Krakatau។

ខាង​ក្រោម​​​ជា​ព័ត៌មាន​លម្អិត​ជុំវិញ​សោកនាដកម្ម​នេះ៖

* កាល​បរិច្ឆេទ​៖ ថ្ងៃ​ទី​២២ ធ្នូ ២០១៨
* វេលាម៉ោង៖ ២១ និង២៧នាទី​ (ម៉ោង​ក្នុង​តំបន់)
* ទីតាំង៖ តំបន់ Pandeglang, Lampung ខាងត្បូង និង Serang នៅ​ចន្លោះ​នៃ​ច្រកសមុទ្រ Sunda ស្ថិតនៅចន្លោះប្រជុំកោះជ្វានិងស៊ូម៉ាត្រា ដែលតភ្ជាប់សមុទ្រជ្វាឥណ្ឌូណេស៊ី ទៅកាន់​មហាសមុទ្រឥណ្ឌា
* អ្នកស្លាប់៖ ៤២៩នាក់ (គិត​ត្រឹម​យប់​ថ្ងៃ​ទី​២៥ ធ្នូ ២០១៨)
* អ្នក​រងរបួស៖ ១៤០០​នាក់ (គិត​ត្រឹម​យប់​ថ្ងៃ​ទី​២៥ ធ្នូ ២០១៨)
* អ្នក​បាត់​ខ្លួន៖ ៥៧​នាក់ (គិត​ត្រឹម​យប់​ថ្ងៃ​ទី​២៤ ធ្នូ ២០១៨)

១៖ ហេតុការណ៍​រលកយក្ស​ស៊ូណាមី

នៅវេលាម៉ោង២១៖២៧នាទី​ (ម៉ោង​ក្នុង​តំបន់) ​ភ្នំ Anak Krakatau បាន​ផ្ទុះឡើងដោយ​កម្លាំង​ខ្លាំង​ រហូត​ដល់​​បាន​បំផ្លាញ​ឧបករណ៍​ព្យាករណ៍​គ្រោះធម្មជាតិ​ក្នុងតំបន់។ បើទោះបី​ឧបករណ៍​នោះ​ត្រូវ​បាន​បំផ្លាញ ប៉ុន្តែស្ថានីយ​ព្យាករណ៍​កម្លាំង​រញ្ជួយនៅក្បែរ​នោះបាន​ព្រមានថា នឹង​មាន​ការរញ្ជួយ​ដី​ផ្សេង​ទៀត​កើតឡើង​ជាបន្តបន្ទាប់។ ភ្នាក់ងារ​ជាតិ​ឥណ្ឌូណេស៊ី​ទប់​ស្កាត់​គ្រោះ​មហន្តរាយ ហៅកាត់ថា BMKG បានរកឃើញថា សោកនាដកម្មរលកយក្សស៊ូណាមី បាន​កើត​មាន​ឡើង​នៅ​ឆ្នេរសមុទ្រភាគខាងលិចនៃទីក្រុង Banten ប៉ុន្តែទីភ្នាក់ងារនេះមិនបានរកឃើញសញ្ញា​ព្រមាន​ណាមួយ មុន​ហេតុការណ៍​នេះ​កើតឡើង​នោះទេ។

ដោយឡែក​យោងទៅតាមកាសែត Jakarta Post អាជ្ញាធរឥណ្ឌូណេស៊ី បាននិយាយថា រលកយក្សស៊ូណាមី អាចត្រូវបានបង្កឡើងដោយ​ការ​កើន​ឡើង​នូវ​កម្ពស់​ទឹក​រលក​ខុស​ពី​ធម្មតា​បណ្តាល​មក​ពី​បាតុភូត​បាក់ដីនៅក្រោម​ផ្ទៃ​ទឹក​សមុទ្រ បណ្តាល​មក​ពីការបន្ទុះភ្នំភ្លើង Anak Krakatau។ កម្ពស់​ទឹក​រលក​ស៊ូណាមី មាន​កម្ពស់​ប្រមាណ​ជា ៩០សង់ទីម៉ែត្រ ក្នុង​ខេត្ត Serang និង​ប្រមាណ៣០ សង់ទីម៉ែត្រ ក្នុង​ខេត្ត Lampung និងមាន​កម្ពស់​ខ្ពស់​បំផុត​២​ម៉ែត្រ។

គួរ​រំឮក​ថា កាល​ពី​មុន ភ្នាក់ងារ BMKG ធ្លាប់បាន​ចេញសេចក្តីព្រមាន​ថា នឹង​មាន​រលក​ធំៗ នៅ​ក្បែរ​ច្រកសមុទ្រ​នេះ​តែ បែរ​ជា​ពុំមានទីតាំង​ណាមួយ​កើតឡើង​នូវ​រលកស៊ូណាមីឡើយ ហើយហេតុដូច្នេះហើយ​ទើប​លើក​នេះ​មិនមានការព្រមាន​ទុក​ជា​មុន​តាម​រយៈ​ឧបករណ៍​ព្យាករណ៍។ ប៉ុន្តែ​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ​បន្ទាប់​ការ​កើតហេតុ គឺនៅថ្ងៃទី២៣ ខែធ្នូ មាន​ការ​បញ្ជាក់​តាមរយៈ​ទិន្នន័យផ្កាយរណប និងរូបភាព​ពី​ឧទ្ធម្ភាគចក្រ ថា​តំបន់ភាគនិរតី ​នៃ ​Anak Krakatau ដួលរលំបង្កឱ្យ​មាន​រលកយក្សស៊ូណាមី។

* ព័ត៌មាន​សំខាន់​ៗ​ជុំវិញ​ប្រវត្តិ​បន្ទុះ​ភ្នំភ្លើង ប្រទេស​ ឥណ្ឌូណេស៊ី

ដោយ​ឋិតនៅលើ​ខ្សែ​បន្ទាត់ Ring of Fire (សំដៅ​លើ​តំបន់​ក្នុង​សមុទ្រ​ប៉ាស៊ីហ្វីក ដែល​មាន​សណ្ឋានដី​​កើតមាន​នូវ​​ហេតុការណ៍​បន្ទុះភ្នំភ្លើង និង​រញ្ជួយដីញឹកញាប់​ជាង​គេ) ​ប្រទេសឥណ្ឌូណេស៊ី ជួបប្រទះ​នូវ​គ្រោះ​រញ្ជួយ​ដី​ជាញឹកញាប់ និង​ជា​កន្លែង​ដែល​ប្រមូល​ផ្តុំ​នូវ​​ភ្នំភ្លើងសកម្ម​សរុប​ចំនួន១២៧។ Anak Krakatau ​ជា​ភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើង​សកម្ម​ទាំងនេះ ដែលស្ថិត​នៅ​ច្រកសមុទ្រ Sunda ដែលបានផុសឡើងនៅឆ្នាំ១៩៧២ ក្រោយពី​មាន​បន្ទុះភ្នំភ្លើង Krakatoa ក្នុង​ឆ្នាំ១៨៨៣ ដែល​ជា​ហេតុការណ៍​បន្ទុះ​ភ្នំភ្លើង​ដ៏​គ្រោះ​ថ្នាក់​បំផុត​ក្នុងប្រវត្តិសាស្រ្ត ដែលបានសម្លាប់មនុស្សជាង ៣០០០០នាក់ ដែល​ជនរងគ្រោះ​ទាំង​នោះភាគច្រើនរស់នៅក្នុងតំបន់​ដូចគ្នា ​នឹង​តំបន់​ដែល​រងគ្រោះ​ដោយ​រលកស៊ូណាមី ក្នុង​ឆ្នាំ២០១៨​នេះ​ផងដែរ។

នៅ​រយៈ​ប៉ុន្មាន​ខែ​មុន​ឈាន​ដល់​ហេតុការណ៍​រលកយក្សស៊ូណាមី គេ​សង្កេត​ឃើញថា ​ភ្នំនេះមាន​សកម្មភាព​ខ្លាំង​ក្លា​ជា​លំដាប់​រហូត​ឈាន​ដល់​ហេតុការណ៍​ផ្ទុះឡើង​នា​ថ្ងៃ​ទី​២១ ខែធ្នូកន្លងទៅ នេះបង្កើតពពកផេះ​កម្ពស់​៤០០ ម៉ែត្រ។

សូម​ជម្រាប​ថា រលកយក្សស៊ូណាមី កាល​ពី​ឆ្នាំ២០០៤​កន្លង​ទៅនេះ ក៏​បាន​កើតឡើង​នា​ពេល​ចុង​ឆ្នាំ​ដូច​គ្នា ​គឺ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ​ប៉ុន្តែបានបង្កការខូចខាត​ធំធេង គឺ​ទូទាំងតំបន់មហាសមុទ្រឥណ្ឌា ដោយប្រទេស​ឆ្ងាយ​ៗ​ជាច្រើន​ពី​ឥណ្ឌូណេស៊ី ដូចជា​ប្រទេសថៃ និងស្រីលង្កាកំពុងរងផលប៉ះពាល់​ផងដែរ។

* ជនរងគ្រោះ

ភ្លាម​ៗ បន្ទាប់​ពីរលកយក្សស៊ូណាមី កើតឡើង​ចំ​ទីតាំង​នៃ​ប្រគុំតន្រ្តីត្រូវបានប្រារព្ធឡើង​ក្រុមប្រឹក្សាជាតិគ្រប់គ្រង​គ្រោះមហន្តរាយ​របស់ឥណ្ឌូនេស៊ីបានរាយការណ៍ដំបូងថា មានមនុស្សស្លាប់២០នាក់ និង​១៦៥នាក់រងរបួស។ ប៉ុន្តែ​គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ មាន​មនុស្ស​ស្លាប់​រហូត​ដល់៤២៩នាក់​ហើយ ខណៈមនុស្ស​ច្រើនជាង ១,៤០០នាក់ផ្សេង​ទៀតរង​របួស ដោយ​ឡែក​ចំនួន​មនុស្សបាត់ខ្លួន​​នៅមិនទាន់​មាន​ការបញ្ជាក់​ច្បាស់នៅ​ឡើយ។

ក្នុងចំណោមជនរងគ្រោះ​ទាំង​អស់ ក៏​មាន Aa Jimmy ជាតារាសម្តែង និងតារាកំប្លែងឥណ្ឌូណេស៊ី រួម​ទាំង​សមាជិកជាច្រើននៃក្រុមតន្ត្រី Seventeen អ្នក​លេង​ឧបករណ៍​ភ្លេង​ហ្គីតា លោក Herman Sikumbang អ្នកគ្រប់គ្រងផ្លូវលោក Oki Wijaya និងនាវិក Ujang ។ ហើយបន្ទាប់ពីប៉ុន្មានម៉ោងក្រោយមកអ្នកវាយស្គរ​លោក Windu Andi Darmawan និង Dylan Sahara ត្រូវបាន​គេ​រាយការណ៍​ថា បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅហើយ។

ក្រុមភ្នាក់ងារ​មនុស្សធម៌​កំពុង​ព្រួយបារម្ភ ខ្លាចមាន​វិបត្តិសុខាភិបាល​សាធារណៈ​ផ្ទុះឡើង ក្រោយមនុស្សរាប់ពាន់នាក់ត្រូវជម្លៀស​ចេញពីផ្ទះសម្បែង​របស់ពួកគេ ដែលត្រូវបានបំផ្លាញ​ដោយរលកយក្ស​ស៊ូណាមិ។ លើសពី​នេះទៅទៀត​ កុមារជាច្រើននាក់ក៏ត្រូ​វបាន​គេ​រាយការណ៍ថា បានធ្លាក់ខ្លួន​ឈឺដូចជា ក្ដៅខ្លួន និងឈឺក្បាល​ជាដើម ដោយសារតែពួកគេ​មិនមានទឹកស្អាត​បរិភោគ​គ្រប់គ្រាន់។ ចំណែក​ឯ​ក្រុមជំនាញ​ក៏បានព្រមានដែរថា រលកយក្សស៊ូណាមី អាចនឹងកើតឡើង​ជាថ្មីម្ដងទៀត ​ទើប​ប្រជាជនច្រើន​ជាង ៥,០០០នាក់ មិនទាន់ហ៊ាន​ត្រឡប់ទៅផ្ទះ​វិញ។

ខ្សែវីដេអូ​ដែលផ្សាយ​ផ្ទាល់​តាម​បណ្តាញ​តាម​អ៊ីនធឺណែត​​បាន​បង្ហាញ​​ជាក់​ស្តែង​ពី​ទិដ្ឋភាព​ឆាក​តន្រ្តីដែលត្រូវបានវាយ​ប្រហារ​ដោយរលកយក្សស៊ូណាមី ខណៈ​កម្មវិធី​កំពុង​ដំណើរ​ការ​។ ដោយ​ឡែក​ក្រុម​ទេសចរណ៍ ដឹក​នាំ​ដោយ​ក្រុមហ៊ុន PLN និង​ក្រសួងកីឡា និងយុវជន ក៏រង​គ្រោះ​ដោយសាររលកយក្សស៊ូណាមី​ផងដែរ ដោយសមាជិកមួយចំនួនបានស្លាប់បាត់ខ្លួន ឬរងរបួស។

* ការខូចខាត

គិត​ត្រឹម​ថ្ងៃ​ទី​២៥ ខែ​ធ្នូ របាយការណ៍បាន​បង្ហាញថា លំនៅ​ដ្ឋាន​ប្រមាណ៤០០​ខ្នង សណ្ឋាគារ​៩​កន្លែង ក្នុង​ខេត្ត Pandeglang​ ត្រូវបាក់​រលំ ឬ​រងការ​បំផ្លិចបំផ្លាញយ៉ាង​ធ្ងន់ធ្ងរ។ ដោយ​ឡែក​លំនៅដ្ឋាន​ចំនួន៣០​ខ្នង​ផ្សេង​ទៀតក្នុង​ខេត្ត​ Lampung ភាគ​ខាង​ត្បូង ក៏រងការខូចខាតផងដែរ។ ​ជាមួយ​គ្នា​នេះ​ដែរផ្លូវ​ដែលតភ្ជាប់​ពី​ខេត្ត Serang និ Pandeglang ត្រូវបានកាត់ផ្តាច់។ អ្នក​នាំពាក្យ​ប្រចាំ​ភ្នាក់ងារ BNPB លោក Sutopo Purwo Nugroho បានឱ្យដឹងថា «អគារជាច្រើនត្រូវរងការបំផ្លាញដោយរលកដែលបោកបក់លើឆ្នេរ ក្នុង​ខេត្ត Lampung និង ខេត្ត Banten នៅវេលាម៉ោង២១និង​៣០នាទី យប់​ថ្ងៃ​សៅរ៍»។ (បញ្ជាក់​តួលេខ​នៃ​ការ​ខូចខាច​ អាច​នឹង​ប្រែប្រួល)។

* ដំណោះ​ស្រាយ
ឆ្លើយ​តប​ហេតុការណ៍​ដ៏​អាក្រក់​នេះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បានបញ្ជាឱ្យ​ក្រសួង​សង្គម និង​កងកម្លាំង​យោធា​ជាតិ​ឥណ្ឌូណេស៊ី ចាត់​វិធានការណ៍​​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ជា​បន្ទាន់។ ជាមួយ​គ្នា​នេះ​ដែរ ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Wan Azizah Wan Ismail ក៏​បាន​ចូលរួម​ក្នុង​វិធានការណ៍​សង្គ្រោះ​នេះ​ផងដែរ។ ដោយឡែក​ ក្រសួងទេសចរណ៍ បានផ្អាកជាបណ្តោះអាសន្ន​នូវកម្មវិធីទេសចរណ៍ទាំងអស់​ទៅកាន់​ខេត្ត Lampung និង​ខេត្ត Banten ។

មិន​តែ​ប៉ុណ្ណោះ ក្នុង​រយៈ​ពេល​ប៉ុន្មានម៉ោងក្រោយ ហេតុការណ៍​នេះ​កើតឡើង​នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បាន​ប្រកាស​ផ្តល់ជំនួយដល់​តំបន់​ដែលរងផលប៉ះពាល់ ព្រមទាំង​បាន​ចូលរួម​ផ្តល់​សារ​មរណៈទុក្ខ​តាមរយៈ​បណ្តាញ​សង្គម​ Twitter ។ ដោយឡែក​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ​ក៏​បង្ហោះ​សារ​រំលែក​ទុក្ខ​តាមរយៈ​បណ្តាញ​សង្គម Twitter ផងដែរ ហើយប្រកាសត្រៀមជានិច្ច ដើម្បី​ជួយដល់រដ្ឋាភិបាលឥណ្ឌូនេស៊ី។ ដូច​គ្នា​នេះប្រធានាធិបតីអាមេរិកលោក Donald Trump ក៏​បាន​បង្ហាញ​ការ​ចូលរួមរំលែកទុក្ខតាមរយៈ Twitter ផងដែរ ដោយលើកឡើងថា «នេះ​ជា​ការ​បំផ្លិចបំផ្លាញដែលមិនអាចនឹកស្មានដល់»។

គិត​ត្រឹម​ថ្ងៃពុធនេះ ជំនួយ​ចាំបាច់នានា​ត្រូវបានបញ្ជូន​ទៅកាន់តំបន់រងគ្រោះ ​ដោយសាររលកយក្ស​​ស៊ូណាមី នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​​ជាបណ្ដើរៗ​ហើយ ខណៈដែល​ក្រុមអ្នកធ្វើការងារផ្នែក​មនុស្សធម៌ បានព្រមាន​ពីកង្វះខាត​​ទឹកស្អាត និងថ្នាំពេទ្យ ស្រប​ពេល​មនុស្ស​រាប់ពាន់នាក់កំពុងស្នាក់នៅតាមជំរុំបណ្ដោះ​អាសន្ន ដែល​កំពុង​ដង្ហោយរកជំនួយ​បន្ទាន់​ជាច្រើនទៀត។​ សូម​ជម្រាប​ថា រលកយក្សស៊ូណាមី លើក​នេះ​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ខ្ពស់​ដោយ​គ្មានការ​ព្រមាន​ទុក​ជា​មុន បាន​បង្ក​ក្តី​បារម្ភ​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ រហូត​​ជម្លៀស​ខ្លួន​ចេញ​មិន​ហាន​វិល​ត្រឡប់​ទៅ​លំនៅដ្ឋាន​របស់​ខ្លួន​វិញ៕

បកប្រែ និងសម្រួលដោយ​៖ អ៊ឹត ចណ្ណា