(ពិភពលោក)៖ នៅថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ រដ្ឋាភិបាលជប៉ុននាថ្ងៃពុធនេះ បានប្រកាសជាផ្លូវការនូវការដកខ្លួនចេញពី គណៈកម្មការត្រួតពិនិត្យការប្រមាញ់ត្រីបាឡែនអន្តរជាតិ (IWC) និងត្រៀមចាប់ផ្តើមការនេសាទត្រីបាឡែន ក្រោមគោលដៅពាណិជ្ជកម្មឡើងវិញនៅខែកក្កដា ឆ្នាំ២០១៩៕
២៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នាថ្ងៃពុធនេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវស្ពានដ៏វែងបំផុតមួយប្រចាំប្រទេសលោក ដែលត្រូវបានរចនាឡើងដើម្បីអាចទ្រាំទ្រទម្ងន់រថក្រោះ និងអាចធ្វើជាផ្លូវចុះចតឬហោះឡើងសម្រាប់យន្តហោះចម្បាំងបាន៕
៣៖ រដ្ឋាភិបាលម៉ិចស៊ីកូបានស្នើឱ្យក្រុមអ្នកជំនាញអន្តរជាតិចូលរួមក្នុងការស៊ើបអង្កេតមួយ លើករណីធ្លាក់ឧទ្ធម្ភាគចក្រមួយ គ្រឿង ដែលបានផ្ដាច់ជីវិតអ្នកនយោបាយសំខាន់ៗពីររូប ខណៈមានពាក្យចចាមអារ៉ាមថា គ្រោះថ្នាក់នេះអាចមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ៕
៤៖ រញ្ជួយដីថ្មីកម្រិត ៤.៨រ៉ិចទ័របានកើតមាននៅក្បែរភ្នំភ្លើងឈ្មោះថា អេតណា (Etna) ដែលស្ថិតក្នុងទីក្រុង ស៊ីស៊ីលី (Sicily) នៃប្រទេសអ៊ីតាលី និងបណ្តាលឲ្យមនុស្សយ៉ាងតិច ០២នាក់រងរបួស ព្រមទាំងអគារមួយចំនួនរងការខូចខាត៕
៥៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃពុធនេះ បានចេញការប្រកាសមួយឲ្យប្រជាជនមានការប្រុងប្រយ័ត្នបំផុតនៅតំបន់ក្បែររដ្ឋធានីហ្សាការតា ដែលទើបតែរងគ្រោះដោយសាររលកយក្សស៊ូណាមិផ្តាច់ជីវិតមនុស្សជិត ៤៣០នាក់ ខណៈអាកាសធាតុនឹងប្រែទៅជាអាក្រក់ និងរលកសមុទ្រមានកម្ពស់ខ្ពស់ៗជាដើម៕
៦៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅថ្ងៃពុធនេះបានធ្វើពិធីបើកការដ្ឋានសាងសង់មួយដើម្បីអភិវឌ្ឍន៍ និងតភ្ជាប់ផ្លូវដែក ក៏ដូចជាផ្លូវថ្នល់ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ៕