(វ៉ាស៊ីនតោន)៖ អវកាសយានិកដំបូងគេម្នាក់ ដែលបានទៅគោចរជុំវិញឋានព្រះច័ន្ទ បានលើកឡើងថា ការបញ្ជូនមនុស្សទៅកាន់ភពអង្គារ គឺស្ទើរតែជារឿងគួរឲ្យអស់សំណើច និងពុំទំនងមួយទាល់តែសោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
អតីតអវកាសយានិកនៃទីភ្នាក់ងារអវកាសអាមេរិក NASA លោក Bill Anders អាយុ ៨៥ឆ្នាំ គឺជាអ្នកបញ្ជាយានអវកាសនៃបេសកកម្ម Apollo 8 ដែលជាការធ្វើដំណើរដំបូងគេដោយក្រុមអវកាសយានិកក្នុងការចាកចេញពីផែនដី ដើម្បីឆ្ពោះទៅកាន់គន្លងគោចរជុំវិញព្រះច័ន្ទកាលពីខែធ្នូ ឆ្នាំ១៩៦៨។ បេសកកម្មនេះមានសារសំខាន់ជាខ្លាំង ក្នុងការត្រួសត្រាយផ្លូវសម្រាប់ការចុះចតនៅលើឋានព្រះច័ន្ទ នៃបេសកកម្ម Apollo 11 នៅរយៈពេល ០៧ខែក្រោយ។
ដោយឡែកមិត្តរួមការងាររបស់លោក គឺ លោក Frank Borman ដែលជាប្រធានក្រុមបេសកកម្ម Apollo 8 បានបង្ហាញការជឿជាក់ដែលមានសុទិដ្ឋិនិយមជាងរូបលោក។ លោក Borman បាននិយាយថា យើងទាំងអស់គ្នាត្រូវធ្វើការរុករកឲ្យកាន់តែសកម្ម នៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង ហើយលោកគិតថា មនុស្សគឺត្រូវតែជាផ្នែកមួយនៅក្នុងគោលដៅនេះ។
គួរជម្រាបថា ការអត្ថាធិប្បាយខាងលើរបស់អតីតអវកាសយានិកទាំងពីរនាក់ ត្រូវបានធ្វើឡើងក្នុងកិច្ចសម្ភាសន៍ជាមួយស្ថានីយវិទ្យុ BBC Radio 5 Live ក្នុងឱកាសខួប៥០ឆ្នាំនៃដំណើរបេសកកម្មជាប្រវត្តិសាស្រ្តរបស់អ្នកទាំងពីរ។ រហូតមកទល់ពេលនេះ មានតែយានរ៉ូបូតប៉ុណ្ណោះ ដែលត្រូវបានបញ្ជូនទៅកាន់ភពអង្គារដោយអង្គការ NASA ខណៈក្រុមហ៊ុនក្មេងខ្ចីគឺ SpaceX គ្រោងនាំមនុស្សទៅនៅឆ្នាំ២០២៤ រីឯងអង្គការ NASA បានពន្យារពេលដល់ឆ្នាំ២០៤០៕