(ញូដេលី)៖ នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី នាថ្ងៃពុធនេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវ ស្ពាន​ដ៏​វែង​បំផុត​មួយប្រចាំប្រទេសលោក ដែលត្រូវបាន​រចនាឡើងដើម្បីអាចទ្រាំទ្រទម្ងន់រថក្រោះ និងអាច​ធ្វើ​ជា​ផ្លូ​វ​ចុះ​ចតឬ​ហោះ​ឡើងសម្រាប់យន្តហោះចម្បាំង​បាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃ​​ពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។

ស្ពានខាងលើមានឈ្មោះថា Bogibeel ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា ក្បែរព្រំដែនជាមួយប្រទេសចិន ខណៈដែល​រដ្ឋាភិបាលទីក្រុងញូដេលី កំពុងប្រឹងប្រែង​ពង្រឹង​វិស័យការពារជាតិរបស់ខ្លួន នៅក្នុងតំបន់សុទ្ធសាស្រ្តនេះ។ ដោយស្ថិត​ក្នុងរដ្ឋ Assam ស្ពាននេះ ត្រូវគេមើលឃើញថា មានសារសំខាន់ជាខ្លាំងក្នុងផ្នែកយុទ្ធសាស្រ្ត ដោយសារវាអាចផ្តល់ភាព​ងាយ​ស្រួលជាខ្លាំង ក្នុងការចល័តទ័ពរបស់កងកម្លាំងយោធាឥណ្ឌា ទៅកាន់រដ្ឋ Arunachal Pradesh ជាប់នឹង​ប្រទេសចិន​ ​ក្នុងករណីចាំបាច់។

គួរជម្រាបថា ស្ពាន Bogibeel មានប្រវែង៤.៩គីឡូម៉ែត្រ រត់កាត់ពីលើដងទន្លេ Brahmaputra និងប្រើប្រាស់រយៈពេល​ប្រមាណ០២ទសវត្សរ៍ទើបសាងសង់ហើយ ជាមួយការចំណាយ​ខ្ទង់៨០០លានដុល្លារ។ ស្ពាននេះមានពីរថ្នាក់ ដោយ​ថ្នាក់​ក្រោមជាផ្លូវដែក និងថ្នាក់ខាងលើជាផ្លូវកៅស៊ូថ្នល់។ បើនិយាយពីផ្លូវដែក Bogibeel ជាស្ពានផ្លូវដែកវែងបំផុត​របស់​ឥណ្ឌា​​៕