(ទ្រីប៉ូលី)៖ មិនខុសពីការសង្ស័យនោះឡើយ ដោយក្រុមភេរវករ ISIS ទើបតែបានចេញមុខអះអាងថា ពួកគេជាអ្នកស្ថិតនៅពីក្រោយការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាត នៅក្នុងអគារក្រសួងការបរទេសលីប៊ី ក្នុងទីក្រុងទ្រីប៉ូលី ដោយបានបណ្តាលឲ្យមនុស្សស្លាប់ ០៥នាក់ (រួមទាំងជនបំផ្ទុះអត្តឃាត០២នាក់) និងមនុស្ស២១នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
គួរបញ្ជាក់ថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង ០៥នាក់ រួមមានមន្រ្តីសន្តិសុខម្នាក់ និងបុគ្គលិករបស់ក្រសួងម្នាក់ រីឯ០៣នាក់ទៀតគឺជាខ្មាន់កាំភ្លើង ដោយម្នាក់ត្រូវកងសន្តិសុខបាញ់សម្លាប់ និង ០២នាក់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯង។ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលលីប៊ី មនុស្សយ៉ាងហោចណាស់ចំនួន ០៩នាក់ ក៏បានរងរបួសផងដែរ ខណៈរដ្ឋមន្រ្តីការបរទេសលីប៊ីលោក ម៉ូហាម៉េដ អាល់តាហឺ (Mohamed al-Taher) ពុំមានវត្តមាននៅទីនោះក្នុងពេលកើតហើយឡើយ។ សម្រាប់ក្រុមនៅពីក្រោយករណីនេះ ត្រូវគេដាក់ការសង្ស័យទៅលើក្រុមបណ្តាញភេរវករ ISIS។
ប្រទេសលីប៊ីត្រូវបានហែកហួរដោយសារតែការដណ្តើមអំណាចគ្នា ព្រមទាំងភាពអសន្តិសុខជាបន្តបន្ទាប់ ដែលកើតមានចាប់តាំងពីការទម្លាក់ចេញពីអំណាច និងធ្វើឃាតអតីតមេដឹកនាំ លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) កាលពីឆ្នាំ២០១១។ បច្ចុប្បន្នលីប៊ីមានរដ្ឋបាលគ្រប់គ្រងដែលប្រឆាំងគ្នាយ៉ាងតិចពីរ គឺមួយស្ថិតនៅរដ្ឋធានីទ្រីប៉ូលី ដែលមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងមួយទៀតមានមូលដ្ឋាននៅទីក្រុង តូប្រ៊ូក (Tobruk) ភាគខាងកើតប្រទេស។ ក្រៅពីនេះក៏មានវត្តមានក្រុមសកម្មប្រយុទ្ធជាច្រើនផ្សេងទៀតផងដែរ៕