(ម៉ិចសីកូ)៖ រដ្ឋាភិបាលម៉ិចស៊ីកូបានស្នើឱ្យក្រុមអ្នកជំនាញអន្តរជាតិចូលរួមក្នុងការស៊ើបអង្កេតមួយ លើករណីធ្លាក់ឧទ្ធម្ភាគចក្រមួយ គ្រឿង ដែលបានផ្ដាច់ជីវិតអ្នកនយោបាយសំខាន់ៗពីររូប ខណៈមានពាក្យចចាមអារ៉ាមថា គ្រោះថ្នាក់នេះអាចមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
គ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រធុន Agusta A109 កាលពីថ្ងៃចន្ទកន្លងទៅ បានផ្ដាច់ជីវិតមនុស្សទាំងអស់ ០៥នាក់ ក្នុងនោះរួមមានទាំងអភិបាលរដ្ឋ ភើប្លា (Puebla) លោកស្រី ម៉ាថា អេរីកា អាឡុនសូ (Martha Erika Alonso) ដែលទើបតែឡើងកាន់តំណែងកាលពីថ្ងៃទី១៤ ខែធ្នូនេះ ព្រមទាំងស្វាមីរបស់លោកស្រី គឺសមាជិព្រឹទ្ធភាលោក រ៉ាហ្វាអែល ម៉ូរ៉េណូ (Rafael Moreno)។ ឧទ្ធម្ភាគចក្រនេះត្រូវបានគេរាយការណ៍ថា បានធ្លាក់តែប៉ុន្មាននាទីប៉ុណ្ណោះ ក្រោយហោះចេញពីរដ្ឋ Puebla ឆ្ពោះទៅកាន់ទីក្រុង ម៉ិចស៊ីកូស៊ីធី (Mexico City)។
ប៉ុន្តែមកទល់ពេលនេះ មូលហេតុនៃគ្រោះថ្នាក់នេះមិនទាន់ត្រូវបានគេបញ្ជាក់ឡើយទេ។ ដោយឡែកអនុរដ្ឋមន្ត្រីដឹកជញ្ជូនម៉ិចស៊ីកូ លោក ខាឡូស ម៉ូរ៉ាន (Carlos Moran) ក្រុមហ៊ុនផលិតឧទ្ធម្ភាគចក្រ អាគូស្តា (Agusta) របស់អ៊ីតាលីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមសហការជាមួយអាជ្ញាធរម៉ិចស៊ីកូក្នុងការស៊ើបអង្កេត។ បន្ថែមពីលើនេះ បើតាមលោក Moran រដ្ឋាភិបាលម៉ិចស៊ីកូ ក៏បានស្នើសុំជំនួយពីទីភ្នាក់ងារសុវត្ថិភាពដឹកជញ្ជូន របស់សហរដ្ឋអាមេរិកផងដែរ។
គួរបញ្ជាក់ថា ខណៈមូលហេតុនៃគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រខាងលើ មិនទាន់ត្រូវបានគេបញ្ជាក់នៅឡើយ មានពាក្យចចាមអារ៉ាម ជាច្រើនបានរីកសុះសាយថា សោកនាដកម្មនេះមានជាប់ពាក់ព័ន្ធនឹងនយោបាយ ទើបជម្រុញឲ្យរដ្ឋាភិបាលម៉ិចស៊ីកូ បើកការស៊ើបអង្កេតជាលក្ខណៈសកលតែម្តង៕