(អ៊ីតាលី)៖ រញ្ជួយដីថ្មីកម្រិត ៤.៨រ៉ិចទ័របានកើតមាននៅក្បែរភ្នំភ្លើងឈ្មោះថា អេតណា (Etna) ដែលស្ថិតក្នុងទីក្រុង ស៊ីស៊ីលី (Sicily) នៃប្រទេសអ៊ីតាលី និងបណ្តាលឲ្យមនុស្សយ៉ាងតិច ០២នាក់រងរបួស ព្រមទាំងអគារមួយចំនួនរងការខូចខាត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន BBC នៅរសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ចាប់ពីភ្នំភ្លើង Etna ដែលសកម្ម និងខ្ពស់បំផុតប្រចាំនៅទ្វីបអឺរ៉ុប បានផ្ទុះជះកម្អែរផេះឡើងលើផ្ទៃអាកាសកម្ពស់រាប់ពាន់ម៉ែត្រ និងបង្កការរាំងស្ទះដល់ប្រតិបត្តិការនៃអាកាសយានដ្ឋាននៅក្នុងតំបន់កាលពីថ្ងៃចន្ទ។ ហេតុការណ៍រញ្ជួយផែនដីកម្រិតស្រាលដល់ទៅជាង ១៣០លើក ក៏បានកើតឡើងនៅក្បែរភ្នំភ្លើងនេះផងដែរ។
គួរជម្រាបថា ភ្នំភ្លើង Etna ដែលមានកម្ពស់ ៣,៣៣០ម៉ែត្រ អាចផ្ទុះជាច្រើនលើកក្នុងមួយឆ្នាំៗ ដោយហេតុការណ៍ផ្ទុះខ្លាំងលើកចុងក្រោយរបស់វា គឺកាលពីឆ្នាំ១៩៩២៕