(ស៊ីរី)៖ អតីតសមាជិកសភាបារាំងលោក ធារី ម៉ារៀនី (Thierry Mariani) បាននិយាយថា ក្រុមភេរវករនៅក្នុងប្រទេសស៊ីរីបានទទួលជំនួយយ៉ាង ពិតប្រាកដពីបរទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
លោក Mariani ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីដឹកនាំប្រតិភូមួយក្រុមទៅទស្សនកិច្ចទីក្រុង ឌួម៉ា (Douma) ស្ថិតនៅជាយទីក្រុងដាម៉ាស់ កាលពីសប្ដាហ៍មុន។ អតីតសមាជិកសភាបារាំងរូបនេះ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពន្ធនាគារដែលយើងបានឃើញបានបញ្ជាក់ថា ពួកភេរវករបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ... ហើយវត្តមានបរិក្ខាទំនើបៗ នៃផ្លូវរោងក្រោមក៏បានបង្ហាញកាន់តែច្បាស់ផងដែរថា ពួកភេរវករទទួលបានជំនួយយ៉ាងពិតប្រាកដពីបរទេស»។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក Mariani មិនបានបញ្ចេញថា ប្រទេសណាមួយជាអ្នកផ្គត់ផ្គង់ដល់ពួកភេរវករ នៅក្នុងប្រទេសស៊ីរីឡើយ។
គួរជម្រាបថា បើតាមលោក Thierry Mariani ប្រជាជនបារាំងភាគច្រើនចង់ស្ដារទំនាក់ទំនងឡើងវិញជាមួយស៊ីរី ហើយលោកក៏បានអំពាវនាវដែរឱ្យមានការរៀបចំសន្និសីទមួយនៅក្នុងទីក្រុងប៉ារីស នៅដើមឆ្នាំ២០១៩ ដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយបញ្ចប់សង្រ្គាមបច្ចុប្បន្ន និងស្ដារប្រទេសស៊ីរីឡើងវិញ៕