(ហ្សាការតា)៖ អាជ្ញាធរឥណ្ឌូណេស៊ីនៅថ្ងៃពុធនេះ បានចេញការប្រកាសមួយឲ្យប្រជាជនមានការប្រុងប្រយ័ត្នបំផុតនៅតំបន់ក្បែររដ្ឋធានីហ្សាការតា ដែលទើបតែរងគ្រោះដោយសាររលកយក្សស៊ូណាមិផ្តាច់ជីវិតមនុស្សជិត ៤៣០នាក់ ខណៈអាកាសធាតុនឹងប្រែទៅជាអាក្រក់ និងរលកសមុទ្រមានកម្ពស់ខ្ពស់ៗជាដើម។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ស្ថានការណ៍បច្ចុប្បន្ននៅតែស្ថិតនៅក្នុងភាពផុយស្រួយ ដោយសារតែភ្នំភ្លើងអាណាក់ ក្រាកាតូ (Anak Krakatau) នៅតែបញ្ចេញកម្អែរផេះយ៉ាងកញ្ជ្រោល ទើបអាជ្ញាធរឥណ្ឌូណេស៊ីចេញសេចក្តីព្រមានថា វានឹងអាចផ្ទុះជាថ្មីបង្កជាគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិបន្ថែមទៀត។ អាជ្ញាធរឥណ្ឌូណេស៊ីក៏បានណែនាំឲ្យប្រជាជនដែលកំពុងស្នាក់នៅជម្រកបណ្តោះអាសន្ននោះ បន្តស្នាក់នៅកន្លែងដដែលដើម្បីបង្ការគ្រោះមហន្តរាយ ណាមួយដោយឥតព្រាងទុក។
គួរបញ្ជាក់ថា ភ្នំភ្លើងដែលបង្កគ្រោះមហន្តរាយចាប់តាំងពីចុងសប្តាហ៍មុនមកនេះ គឺស្ថិតក្នុងដែនសមុទ្រចន្លោះកោះជ្វា (ទីតាំងរបស់រដ្ឋធានីហ្សាការតា) និងកោះស៊ូម៉ាត្រា ដោយវាបានផ្ទុះឡើងកាលយប់ថ្ងៃសៅរ៍ និងបង្កជារលកយក្សស៊ូណាមិកម្ពស់ ៥ម៉ែត្រ ផ្តាច់យកជីវិតមនុស្ស ៤២៩នាក់ (តួលេខកាលពីថ្ងៃអង្គារម្សិលមិញ) និងជាង ១,៤០០នាក់រងរបួស ខណៈចំនួនមនុស្សបាត់ខ្លួនរហូតមកទល់ពេលនេះគឺ ១៥៩នាក់។
បន្ថែមពីខាងលើនេះទៀតថា អាជ្ញាធរឥណ្ឌូណេស៊ីបានណែនាំឲ្យប្រជាជនទាំងអស់ ស្នាក់នៅឲ្យឆ្ងាយពីកន្លែងទើបរងគ្រោះដោយរលកយក្សស៊ូណាមិ យ៉ាងហោចណាស់ក៏ ០២គីឡូម៉ែត្រដែរ។ ដោយឡែករលកយក្សស៊ូណាមិ ដែលកកើតឡើងដោយសារការផ្ទុះភ្នំភ្លើងខាងលើនេះដូចគ្នាបានសម្លាប់មនុស្សរហូតដល់ ៣៦,០០០នាក់ កាលពីឆ្នាំ១៨៨៣៕