(សេអ៊ូល)៖ កូរ៉េខាងត្បូង និងកូរ៉េខាងជើងនៅថ្ងៃពុធនេះបានធ្វើពិធីបើកការដ្ឋានសាងសង់មួយដើម្បីអភិវឌ្ឍន៍ និងតភ្ជាប់ផ្លូវដែក ក៏ដូចជាផ្លូវថ្នល់ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង ពិធីខាងលើបានចាប់ផ្ដើមធ្វើឡើងនៅម៉ោង ១០៖០០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) តាមការគ្រោងទុកនៅឯស្ថានីយ ផាន់ម៉ុន (Panmun) នៃទីក្រុង កែសុង (Kaesong) ស្ថិតនៅក្នុងព្រំដែនប្រទេសកូរ៉េខាងជើង ដោយមានការ ចូលរួមពីមន្ត្រីជាន់ខ្ពស់កូរ៉េទាំងពីរប្រមាណ ១០០នាក់។ ក្រសួងមួយនេះបានបន្ថែមទៀតថា ពិធីបើកការដ្ឋានសាងសង់នឹងត្រូវប្រព្រឹត្តទៅ ក្រោមការថ្លែងសុន្ទរកថារវាងអ្នកតំណាងមកពីប្រទេសទាំងពីរ ការចុះហត្ថលេខាលើបន្ទះឈើ ការតភ្ជាប់ផ្លូវ និងការលើកផ្លាកសញ្ញានៅស្ថានីយ Panmun ជាដើម។
គួរបញ្ជាក់ថា កូរ៉េខាងត្បូង និងកូរ៉េខាងជើងបានព្រមព្រៀងគ្នារៀបចំពិធីបើកការដ្ឋានសាងសង់ដើម្បីអភិវឌ្ឍន៍ និងតភ្ជាប់ផ្លូវដែក ក៏ដូចជាផ្លូវថ្នល់ឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរកាលពីខែកញ្ញា កន្លងទៅ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េរវាងលោក មូន ជែអ៊ីន និងលោក គីម ជុងអ៊ុន ឱ្យបានមុនដំណាច់ឆ្នាំ២០១៨ នេះ៕