(វ៉ាស៊ីនតោន)៖ ក្មេងប្រុសជាជនអន្តោប្រវេសន៍ម្នាក់អាយុ ០៨ឆ្នាំមកពីប្រទេសហ្គាតេម៉ាឡា បានបាត់បង់ជីវិតនៅចំថ្ងៃបុណ្យណូអែល បន្ទាប់ពីត្រូវបានអាជ្ញាធរអាមេរិកចាប់ឃុំខ្លួន ហើយបានធ្វើឲ្យចំណាត់ការទប់ស្កាត់លំហូរជនភៀសខ្លួនរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ កាន់មានរូបភាពខ្មៅងងឹតបន្ថែមចំពោះមុខអ្នករិះគន់។ នេះបើតាមប្រភពពីអាជ្ញាធរអន្តោប្រវេសន៍អាមេរិក ដកស្រង់ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
នេះគឺជាលើក ២ ហើយនៅក្នុងខែធ្នូនេះ ដែលកុមារជាជនអន្តោប្រវេសន៍ស្លាប់នៅអំឡុងពេលត្រូវជាប់ឃុំ ក្រោយព្យាយាមឆ្លងព្រំដែន អាមេរិក-ម៉ិចស៊ីកូ។ ជាក់ស្ដែងកាលពីដើមខែធ្នូកន្លងទៅ ក្មេងស្រីជាជនអន្តោប្រវេសន៍ហ្គាតេម៉ាឡាម្នាក់អាយុ ០៧ឆ្នាំ ក៏បានបាត់បង់ជីវិតផងដែរ តែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីត្រូវបានអាជ្ញាធរអាមេរិកឃុំខ្លួនជាមួយឪពុករបស់នាង។ ក្មេងស្រីរូបនេះមានឈ្មោះ ហ្សេខេលីន ខាអាល់ (Jakelin Caal) ត្រូវបានអាជ្ញាធរអាមេរិកអះអាងថា ស្លាប់ដោយសារជំងឺថ្លើម ប៉ុន្តែកាសែត Washington Post បានចុះផ្សាយថា រូបនាងស្លាប់ដោយសារក្ដៅខ្លួនខ្លាំងរហូតដល់បាត់បង់ជាតិទឹកធ្ងន់ធ្ងរ។
ដោយឡែកកាលពីថ្ងៃអង្គារម្សិលមិញ ក្មេងប្រុសដែលជាជនអន្តោប្រវេសន៍ម្នាក់ទៀត អាយុ ០៨ឆ្នាំមកពីប្រទេសហ្គាតេម៉ាឡានោះ ត្រូវបានបញ្ជូនកាន់មន្ទីរពេទ្យក្នុងទីក្រុង អាឡាម៉ូហ្គ័រដូ (Alamogordo) នៃរដ្ឋញូម៉ិចស៊ីកូ (New Mexico) ភ្លាមៗដោយសារគ្រុនក្ដៅខ្លាំង។ ប៉ុន្តែប្រហែល ៣ម៉ោង ក្រោយមកក្មេងប្រុសរូបនេះស្រាប់តែបាត់បង់ជីវិត។
គួរបញ្ជាក់ថា បច្ចុប្បន្នជនអន្តោប្រវេសន៍មកពី បណ្ដាប្រទេសអាមេរិកកណ្ដាលរាប់ពាន់នាក់ ដូចជា ហ្គាតេម៉ាឡា អែលសាល់វ៉ាឌ័រ និងហុងដូរ៉ាស់ បានរត់គេចចេញពីអំពើហិង្សា និងភាពក្រីក្រនៅក្នុងប្រទេសពួកគេ សំដៅឆ្លងព្រំដែនម៉ិចស៊ីកូចូលទៅក្នុងសហរដ្ឋអាមេរិក ដោយស្ថិតនៅក្នុងសង្ឃឹមថា ពួកគេអាចនឹងកសាងជីវិតថ្មីនៅទីនោះ៕