(តូក្យូ)៖ រដ្ឋាភិបាលជប៉ុននាថ្ងៃពុធនេះ បានប្រកាសជាផ្លូវការនូវការដកខ្លួនចេញពី គណៈកម្មការត្រួតពិនិត្យការប្រមាញ់ត្រីបាឡែនអន្តរជាតិ (IWC) និងត្រៀមចាប់ផ្តើមការនេសាទត្រីបាឡែន ក្រោមគោលដៅពាណិជ្ជកម្មឡើងវិញនៅខែកក្កដា ឆ្នាំ២០១៩។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Asia Nikkei Review នៅព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
ការដកខ្លួនចេញបែបនេះ នឹងអនុញ្ញាតឲ្យជប៉ុនអាចបន្តការប្រមាញ់សត្វត្រីបាឡែន ក្រោមគោលដៅពាណិជ្ជកម្មឡើងវិញបាន នៅតាមដែនទឹកជាប់ប្រទេសរបស់ខ្លួន ព្រមទាំងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន ជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំកន្លងមក។ ទោះជាយ៉ាងនេះក្តី ជប៉ុននឹងមិនអាចធ្វើការនេសាទត្រីបាឡែនក្នុងគោលដៅវិទ្យាសាស្រ្ត នៅមហាសមុទ្រទឹកកកអង់តាក់ទិក ក្រោមច្បាប់អន្តរជាតិបានទៀតឡើយ ហើយវាគឺជាបោះចោលមួយ ដើម្បីចាប់យកមួយទៀត។
គួរជម្រាបថា គណៈកម្មការ IWC ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៨ ដើម្បីអភិរក្សាត្រីបាឡែន និងត្រួតពិនិត្យទៅលើការអភិវឌ្ឍនៃឧស្សាហកម្មនេសាទសត្វត្រីនេះ ដោយមានសមាជិកចំនួន ៨៩ប្រទេស ខណៈជប៉ុនបានចូលរួមក្នុងគណៈកម្មការនេះកាលពីឆ្នាំ១៩៥៩។ សម្រាប់នីតិវិធីនៃការដកខ្លួនចេញ អាចប្រើរយៈពេលយ៉ាងតិចកន្លះឆ្នាំ។ ការនេសាទត្រីបាឡែនរបស់ជប៉ុន តែងតែទទួលការរិះគន់ពីសំណាក់អ្នកអភិរក្សត្រីបាឡែនអន្តរជាតិ តែសម្រាប់ជប៉ុនវិញត្រីបាឡែនត្រូវបានចាត់ទុកជាអាហារបែបប្រពៃណី ដែលមិនអាចខ្វះបាននោះឡើយ៕