(អង់ការ៉ា)៖ សេចក្តីប្រកាស​ជាថ្មីរបស់ប្រទេសតួកគីនោះ គឺទីក្រុងអង់ការ៉ាគ្មានថ្ងៃបោះចោល​កិច្ចសន្យាទិញប្រព័ន្ធមីស៊ីល S-400 ដ៏មានអានុភាពតម្លៃរាប់ពាន់លានដុល្លារ ជាមួយនឹង​ប្រទេសរុស្ស៊ីនោះឡើយ ហើយក៏គ្មានសំនួរអ្វីត្រូវចោទសួរអំពីការបញ្ជាទិញ​ដោយជិត​សម្រេច​លទ្ធផលចុងក្រោយ​ទៅហើយនោះដែរ។ នេះបើតាម​ការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។

សេចក្តីប្រកាស​ខាងលើនេះ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីក្រសួង​ការបរទេសតួកគី លោក ម៉េវលុត ខាវូសូគ្លូ (Mevlut Cavusoglu) នៅក្នុងសន្និសីទ​សារព័ត៌មានមួយ​នារដ្ឋធានី​អង់ការ៉ា ខណៈពាក្យចចាអារ៉ាម​ជាច្រើននៅតែ​លេចធ្លាយ ដោយសារតែ​តួកគី​កំពុង​ព្យាយាមដើរ​នយោបាយជើងមួយជាន់​ទូកពីរ នោះគឺទិញសព្វាវុធពីទីក្រុង​វ៉ាស៊ីនតោនផង និងទីក្រុងម៉ូស្គូផង ហើយ​អ្នកវិភាគ​មួយចំនួននៅតែយល់​ឃើញថា វាមិនអាច​ទៅរួចឡើយ ដោយចុងក្រោយ​តួកគីត្រូវតែបោះចោល​មួយយ៉ាង​ដាច់ខាត។

រំលឹកទៅកាលពី​សប្តាហ៍មុន​នេះ តួកគីទើប​តែសម្រេច​ទិញប្រព័ន្ធការពារមីស៊ីលអាមេរិក Patriot ដ៏មានឥទ្ធិពល​ក្នុងតម្លៃរាប់ពាន់លាន​ដុល្លារដូចគ្នា ដែលធ្វើឲ្យមាន​សំនួរ​ចោទ​សួរ​កាន់តែច្រើនថា តើតួកគី​ពិត​ជាត្រូវលុបកិច្ចសន្យា​ទិញ S-400 ពីរុស្ស៊ីមែនឬទេ? ជុំវិញសំនួរដ៏​រសើបនេះ​ហើយ ទើបរដ្ឋមន្ត្រីការបរទេស​លោក Cavusoglu និង​រដ្ឋមន្ត្រី​​ការពារជាតិតួកគី​មួយរូបទៀត​​ផងដែរ គឺលោក ហ៊ូលូស៊ី អាខារ (Hulusi Akar) បានចេះ​មុខបក​ស្រាយជុំវិញរឿងនេះ ដោយមិនត្រឹមតែ​ទៅលើការប្តេជ្ញា​រក្សាកិច្ច​សន្យា​ទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី​ប៉ុណ្ណោះទេ តែរដ្ឋាភិបាល​តួកគី​ក៏​​បាន​ទាត់ចោលពាក្យ​ចចាអារ៉ាមួយ​ផ្សេងទៀតដែលបានអះអាងថា តួកគី​បានលួចស្នើជា​សម្ងាត់ឲ្យមន្ត្រីជំនាញអាមេរិក ធ្វើការសិក្សា ឬត្រួតពិនិត្យ​ប្រព័ន្ធបច្ចេកទេស​នៃ S-400 ដែលក្បត់នឹង​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​នោះ៕