(ដាម៉ាស់)៖ សំឡេងផ្ទុះដ៏សម្បើមមួយបានកើតឡើងនៅក្បែរទីក្រុងដាម៉ាស់ នៅយប់ថ្ងៃអង្គារសប្ដាហ៍នេះ ហើយដែលការផ្ទុះនេះត្រូវបានយោធាស៊ីរីអះអាងថាគឺជាការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែល ប្រឆាំងនឹងឃ្លាំងអាវុធមួយកន្លែង។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី២៦ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមយោធាស៊ីរី ឃ្លាំងអាវុធខាងលើត្រូវបានបំផ្លាញ ហើយទាហាន៣នាក់រងរបួស។ ចំណែកឯ មីស៊ីលភាគច្រើនដែលបានបាញ់តម្រង់មកកាន់ឃ្លាំងអាវុធនេះត្រូវបានស្ទាប់ចាប់ និងបំផ្លាញទាន់ពេលវេលា។ ប៉ុន្តែ ខាងយោធាអ៊ីស្រាអែលមិនបានទទួលស្គាល់ចំពោះការវាយប្រហារតាមផ្លូវអាកាសនេះទេ ដោយគ្រាន់តែបញ្ជាក់ថាប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់មីស៊ីលមួយគ្រាប់បាញ់ចេញពីទឹកដីស៊ីរីមកកាន់អ៊ីស្រាអែល។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលស៊ីរីចោទប្រកាន់ថាអ៊ីសា្រអែលបើកការវាយប្រហារតាមផ្លូវអាកាសរបៀបនេះ
ពោលគឺកាលពីខែឧសភាកន្លងទៅ យោធាអ៊ីស្រាអែលក៏ធ្លាប់ត្រូវបានគេរាយការណ៍ផងដែរថាបានវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ីរ៉ង់ជាច្រើននៅលើទឹកដីស៊ីរី។ ប៉ុន្តែគួរឱ្យកត់សម្គាល់ ព័ត៌មានពីការវាយប្រហារតាមផ្លូវអាកាសនេះកើតមានឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសដកកងទ័ពចេញពីស៊ីរី៕