(អង់ការ៉ា)៖ រដ្ឋមន្រ្តីការបរទេសតួកគី លោក Mevlut Cavusoglu នៅថ្ងៃអង្គារនេះបានព្រមានបារាំងចំៗចំពោះផែនការបន្តរក្សា​វត្ដ​មានយោធារបស់ខ្លួននៅក្នុងប្រទេសស៊ីរី ខណៈសហរដ្ឋអាមេរិកបានសម្រេចចិត្តដកកងទ័ពចេញ។​ នេះបើតាមការចេញផ្សាយ​ដោយទីភ្នាក់ងារ​សារព័ត៌មានតួកគី Anadolu នៅថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម Anadolu លោក Cavusoglu ក៏បានបញ្ជាក់ដែរថាការបន្តរក្សាវត្តមានយោធាបារាំងនៅស៊ីរី នឹងមិនមានផលចំណេញ អ្វីដល់អ្នករាល់គ្នានោះទេ។ បន្ថែមពីលើនេះ សារព័ត៌មាននេះដដែលក៏បានអះអាងដែរថាយោធាតួកគីបានប្ដេជ្ញាចិត្តនឹងចូលទៅកាន់ តំបន់ភាគខាងជើងប្រទេសស៊ីរី ឱ្យបានកាន់តែឆាប់កាន់តែល្អ ដើម្បីរៀបចំប្រតិបត្តិការយោធាសាជាថ្មីក្នុងការបោសសំអាតក្រុម សកម្មប្រយុទ្ធឃើដ។

គួរបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ធ្លាប់បានបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះការសម្រេចចិត្តដកកងទ័ព អាមេរិកជាង២,០០០នាក់ ចេញពីប្រទេសស៊ីរីរបស់លោក ដូណាល់ ត្រាំ ហើយលោកបានសន្យាថានឹងបន្តរក្សាវត្តមានយោធានៅ ស៊ីរីសំដៅជួយក្រុមឧទ្ទាមស៊ីរីប្រយុទ្ធនឹងពួកភេរវករ បើទោះជាលោកត្រាំ ថាពួក ISIS ត្រូវបានកម្ចាត់រួចហើយក៏ដោយ៕