(ម៉ូស្គូ)៖ លោក Saif al-Islam ដែលជាកូនប្រុសអតីតមេដឹកនាំលីប៊ីលោក Muammar Gaddafi គួរតែមានតួនាទី និងត្រឡប់មក កាន់ឆាកនយោបាយវិញ។ នេះជាការលើកឡើងរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។

លោក Bogdanov ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសម្រង់សម្ដីមួយដែលត្រូវបានចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី RIA នៅថ្ងៃអង្គារនេះ។ លោក Bogdanov បានគូសបញ្ជាក់ដូច្នេះថា៖«រុស្ស៊ីជឿជាក់ថាគ្មាននរណាម្នាក់ត្រូវបានដកចេញពីតួនាទី​នយោបាយប្រកបដោយលក្ខណៈស្ថាបនានោះទេ...ហើយនេះគឺជាមូលហេតុដែលទីក្រុងម៉ូស្គូបន្តរក្សាទំនាក់ទំនងជាមួយគ្រប់ភាគី​ទាំងអស់ទាំងនៅភាគខាងកើត ខាងលិច និងខាងត្បូងនៃប្រទេសលីប៊ី។

បន្ថែមពីលើនេះ លោកអនុរដ្ឋមន្ត្រីការបទេសរុស្ស៊ីក៏បានសង្កត់ធ្ងន់ដែរថា លោក Saif al-Islam ទទួលបានការគាំទ្រពីកុលសម្ព័ន្ធ ជាលាក់ជាច្រើន ដូច្នេះហើយលោកគួរតែមានតួនាទី និងត្រឡប់មកកាន់ឆាកនយោបាយវិញ។

គួរបញ្ជាក់ថា អង្គការសហប្រជាជាតិ និងបណ្ដាប្រទេសលោកខាងលិច បានជំរុញឱ្យប្រទេសលីប៊ី រៀបចំការបោះឆ្នោតសកលនៅឆ្នាំ ២០១៩ខាងមុខ សំដៅបិទបញ្ចប់ជម្លោះអស់រយៈពេលជាង៧ឆ្នាំមកនេះ ពោលគឺក្រោយរបបដឹកនាំលោក Gaddafi ដួលរលំ កាលពីឆ្នាំ២០១១ ដោយនាំយកទៅជាមួយនូវភាពរុងរឿងដែលប្រជាជនលីប៊ីធ្លាប់មាន៕