(ទ្រីប៉ូលី)៖ ហេតុការណ៍បំផ្ទុះអត្តឃាត និងបាញ់ប្រហារគ្នានៅក្រសួងការបរទេសលីប៊ី បានបណ្តាលឲ្យមនុស្សយ៉ាងតិច ០៥នាក់ស្លាប់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Aljazeera នៅល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំង ០៥នាក់ រួមមានមន្រ្តីសន្តិសុខម្នាក់ និងបុគ្គលិករបស់ក្រសួងម្នាក់ រីឯ០៣នាក់ទៀតគឺជាខ្មាន់កាំភ្លើង ដោយម្នាក់ត្រូវកងសន្តិសុខបាញ់សម្លាប់ និង ០២នាក់បានបំផ្ទុះគ្រាប់បែកធ្វើអត្តឃាតខ្លួនឯង។ បើតាមការបញ្ជាក់ពីក្រសួងសុខាភិបាលលីប៊ី មនុស្សយ៉ាងហោចណាស់ចំនួន ០៩នាក់ ក៏បានរងរបួសផងដែរ ខណៈរដ្ឋមន្រ្តីការបរទេសលីប៊ីលោក ម៉ូហាម៉េដ អាល់តាហឺ (Mohamed al-Taher) ពុំមានវត្តមាននៅទីនោះក្នុងពេលកើតហើយឡើយ។ សម្រាប់ក្រុមនៅពីក្រោយករណីនេះ ត្រូវគេដាក់ការសង្ស័យទៅលើក្រុមបណ្តាញភេរវករ ISIS។
គួរជម្រាបថា ប្រទេសលីប៊ីត្រូវបានហែកហួរដោយសារតែការដណ្តើមអំណាចគ្នា ព្រមទាំងភាពអសន្តិសុខជាបន្តបន្ទាប់ ដែលកើតមានចាប់តាំងពីការទម្លាក់ចេញពីអំណាច និងធ្វើឃាតអតីតមេដឹកនាំ លោក មួអាមម៉ា ហ្គាដាហ្វី (Muammar Gaddafi) កាលពីឆ្នាំ២០១១។ បច្ចុប្បន្នលីប៊ី មានរដ្ឋបាលគ្រប់គ្រងដែលប្រឆាំងគ្នាយ៉ាងតិចពីរ គឺមួយស្ថិតនៅរដ្ឋធានីទ្រីប៉ូលី ដែលមានការទទួលស្គាល់ដោយអង្គការសហប្រជាជាតិ និងមួយទៀតមានមូលដ្ឋាននៅទីក្រុង តូប្រ៊ូក (Tobruk) ភាគខាងកើតប្រទេស។ ក្រៅពីនេះ ក៏មានវត្តមានក្រុមសកម្មប្រយុទ្ធជាច្រើនផ្សេងទៀតផងដែរ៕