(ហ៊ូចូវ)៖ ករណីដ៏កម្រមួយបានកើតឡើង ដោយរថយន្តក្រុងមួយគ្រឿងត្រូវបានចោរប្លន់ រួចជិះទៅបុករះលើមនុស្សម្នាដែលកំពុងធ្វើដំណើរនៅក្បែរដងផ្លូវ បណ្តាលឲ្យស្លាប់០៥នាក់ និងរបួសធ្ងន់-ស្រាលចំនួន ១១នាក់ផ្សេងទៀត នៅក្នុងទីក្រុងឡុងយ៉ាន (Longyan) នៃខេត្តហ៊ូជាន (Fujian) ភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នាល្ងាចថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
បើតាមមន្ត្រីប៉ូលិសចិននៅហ្នឹងកន្លែងកើតហេតុបានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួន និងបញ្ជូនទៅប៉ុស្តិ៍ប៉ូលិសរួចហើយ ដើម្បីធ្វើការសាកសួរ។ ករណីប្លន់រថយន្តក្រុងបែបនេះ គឺជារឿងកម្របំផុតមួយនៅក្នុងប្រទេសចិន ព្រោះរថយន្តក្រុងមានទំហំធំ និងពិបាកណាស់ក្នុងការបើកគេចចេញទៅណាឆ្ងាយ ដើម្បីគេចពីសមត្ថកិច្ច៕