(ឡុងដ៍)៖ ការស្រាវជ្រាវថ្មីមួយដោយសមាគមវិទ្យាសាស្រ្តផ្ទៃសមុទ្រ នៃប្រទេសស្កុតឡែន (SAMS) បានរកឃើញថា ផ្ទាំងទឹកកកយក្សនៃកោះធំបំផុតទីពីរលើលោកគ្រីនឡែន (Greenland ដែលជាកម្មសិទ្ធិរបស់ដាណឺម៉ាក) កំពុងតែរលាយក្នុងអំឡុងរដូវរងា ដោយសារតែកម្តៅចេញពីផ្ទៃសមុទ្រ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ដោយយោងលើគំរូនៅក្នុងប្រព័ន្ធកុំព្យូរទ័រ ការស្រាវជ្រាវខាងលើបានរកឃើញថា ខ្យល់រដូវរងាដែលមានកម្លាំងខ្លាំង នៅប៉ែកឦសានមហាសមុទ្រអាត្លង់ទិក បង្កឲ្យមានរលកកម្តៅនៅពីក្រោមផ្ទៃសមុទ្រត្រជាក់នេះ ដែលរុញច្រានទឹកមានកម្តៅទាំងនោះឡើងមកកាន់កោះគ្រីនឡែន។ ផ្ទាំងទឹកកកនៅតំបន់នោះត្រូវបានគេជឿជាក់ថា កំពុងតែរលាយក្នុងល្បឿនលឿនបំផុត ក្នុងអំឡុងពេលយ៉ាងតិច ៣៥០ឆ្នាំចុងក្រោយនេះ ហើយការបន្តកើនឡើងនៃកម្តៅសកល នឹងកាន់តែពន្លឿនកម្រិតរលាយនេះថែមទៀត។
គួរជម្រាបថា ផ្ទាំងទឹកកកនៃកោះគ្រីនឡែន ដែលធំជាងគេទីពីរលើលោក (អង់តាក់ទិកជាប់លេខ១) គ្របដណ្តប់លើផ្ទៃដីទំហំ ១.៧លានគីឡូម៉ែត្រក្រឡា ប្រហែល ៨០ភាគរយនៃផ្ទៃកោះគ្រីនឡែនទាំងមូល។ ផ្ទាំងទឹកកកកំពុងរលាយនេះ ត្រូវគេប្រមាណមើលថា បានរួមចំណែកបន្ថែមកម្រិតទឹក ០.៨មីលីម៉ែត្រទៅលើកម្ពស់មហាសមុទ្រ ជុំវិញពិភពលោកជារៀងរាល់ឆ្នាំ៕