(ហ្សាការតា)៖ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះមហន្តរាយរលកយក្សស៊ូណាមិ នៅក្នុងប្រទេសឥណ្ឌូណេស៊ី បានកើនឡើងដល់ ៤២៩នាក់ហើយ ខណៈមនុស្សច្រើនជាង ១,៤០០នាក់ផ្សេងទៀតរងរបួស ខណៈចំនួនមនុស្សបាត់ខ្លួននៅមិនទាន់មានការបញ្ជាក់នោះឡើយ។ នេះបើតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី ដកស្រង់ដោយសារព័ត៌មាន Sky News នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ទន្ទឹមគ្នានេះដែរនៅថ្ងៃអង្គារនេះ ជំនួយចាំបាច់នានាត្រូវបានបញ្ជូនទៅកាន់តំបន់រងគ្រោះ ដោយសាររលកយក្សស៊ូណាមិ នៅក្នុងប្រទេសឥណ្ឌូណេស៊ីជាបណ្ដើរៗហើយ។ ប៉ុន្តែព្រមពេលជាមួយគ្នាក្រុមអ្នកធ្វើការងារផ្នែកមនុស្សធម៌ បានព្រមានពីកង្វះខាតទឹកស្អាត និងថ្នាំពេទ្យ ខណៈមនុស្សរាប់ពាន់នាក់កំពុងស្នាក់នៅតាមជំរុំបណ្ដោះអាសន្ន ដែលកំពុងដង្ហោយរកជំនួយបន្ទាន់ជាច្រើនទៀត។
ក្រុមភ្នាក់ងារមនុស្សធម៌កំពុងព្រួយបារម្ភ ខ្លាចក្រែងវិបត្តិសុខាភិបាលសាធារណៈផ្ទុះឡើង ក្រោយមនុស្សរាប់ពាន់នាក់ត្រូវជម្លៀសចេញពីផ្ទះសម្បែងរបស់ពួកគេ ដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិ។ លើសពីនេះទៅទៀត កុមារជាច្រើននាក់ក៏ត្រូវបានគេរាយការណ៍ថាបានធ្លាក់ខ្លួនឈឺដូចជា ក្ដៅខ្លួន និងឈឺក្បាលជាដើម ដោយសារតែពួកគេមិនមានទឹកស្អាតបរិភោគគ្រប់គ្រាន់។
គួរបញ្ជាក់ថា កាលយប់ថ្ងៃសៅរ៍កន្លងទៅ រលកយក្សស៊ូណាមិបានវាយប្រហារលើតំបន់ឆ្នេរនៃច្រកសមុទ្រ សាន់ដា (Sunda) ដែលស្ថិតនៅចន្លោះកោះស៊ូម៉ាត្រា និងកោះជ្វា។ ចំណែកឯក្រុមជំនាញក៏បានព្រមានដែរថា នឹងរលកយក្សស៊ូណាមិអាចនឹងកើតឡើងជាថ្មីម្ដងទៀត ស្របពេលប្រជាជនច្រើនជាង ៥,០០០នាក់ មិនទាន់ហ៊ានត្រឡប់ទៅផ្ទះវិញ៕