(ម៉ូស្គូ)៖ ការសម្រេចចិត្តឯកតោភាគីក្នុងការ ដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នឹងជះឥទ្ធិពលដល់ប្រទេសតួកគី អ៊ីស្រាអែល និងរុស្ស៊ីជាក់ជាពុំខាន។ នេះបើតាមលោក ហ្គាស្សាន ខាឌី (Ghassan Kadi) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ក្នុងកិច្ចសម្ភាសន៍ជាមួយ Sputnik លោក Ghassan Kadi ជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយស៊ីរីម្នាក់បានកត់សម្គាល់ថា ការសម្រេចចិត្តដក កងទ័អាមេរិកចេញពីស៊ីរី អាចនឹងធ្វើឱ្យគោលជំហរ ឬតំណែងរបស់អ៊ីស្រាអែលនៅក្នុងតំបន់មជ្ឈិមបូព៌ាចុះទន់ខ្សោយ តែវាបែរជាធ្វើឱ្យរុស្ស៊ីកាន់តែមានឥទ្ធិពល កាន់តែខ្លាំងឡើងទៅវិញ។ មិនតែប៉ុណ្ណោះ បើការដកទ័ពនេះត្រូវបានធ្វើឡើងមែន នោះតួកគីកាន់តែមានសេរីភាពធំជាងមុន ក្នុងការដោះស្រាយបញ្ហាជាមួយក្រុមសកម្មឃើដ ដែលបាននិងកំពុងពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក។
លើសពីនេះទៅទៀត លោក Kadi បញ្ជាក់ទៀតថា ការសម្រេចចិត្តរបស់លោក ត្រាំ គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេ ព្រោះវាគឺជាការសន្យារបស់លោកតាំងពីមុនជាប់ឆ្នោត ក្លាយជាប្រធានាធិបតីអាមេរិកមកម្ល៉េះ។ ម្យ៉ាងវិញទៀត បើតាមអ្នកជំនាញរូបនេះ លោក ត្រាំ គឺជាពាណិជ្ជករម្នាក់ ហើយកំពុងដឹកនាំសហរដ្ឋអាមេរិកដូចជាដឹកនាំក្រុមហ៊ុនមួយ ពោលគឺរកតែផលចំណេញ ឬក៏អាចនិយាយបានថា លោក ត្រាំ នឹងចូលរួមក្នុងសកម្មភាពយោធា ទាល់តែបណ្ដាប្រទេសផ្សេងចេញថ្លៃចាយវាយឱ្យអាមេរិក។
តែទោះជាយ៉ាងនេះក្ដី លោក Kadi ក៏បានសង្កត់ធ្ងន់ដែរថា មូលហេតុដែលលោក ត្រាំ សម្រេចចិត្តដកកងទ័ពអាមេរិក គឺអាចមកពីលោកដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកបានបរាជ័យក្នុងការគាំទ្រក្រុមឧទ្ទាមស៊ីរី ប្រយុទ្ធប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលស៊ីរី។ ដូច្នេះជាជម្រើស ប្រធានាធិបតីអាមេរិករូបនេះ អាចប្រើប្រាស់ការសម្រេចចិត្តនេះបង្ខំឱ្យរុស្ស៊ី និងអ៊ីរ៉ង់ ដកកងទ័ពចេញពីស៊ីរីដែរ។
គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុនលោក ដូណាល់ ត្រាំ បានប្រកាសដកកងទ័ពអាមេរិក ចេញពីប្រទេសស៊ីរីដោយអះអាងថា ក្រុម ISIS ត្រូវបានកម្ចាត់។ បច្ចុប្បន្នកងទ័ពអាមេរិកច្រើនជាង ២,០០០នាក់ កំពុងឈរជើងនៅលើទឹកដីស៊ីរី ដើម្បីជួយដល់ក្រុមឧទ្ទាមស៊ីរីដឹកនាំដោយកងកម្លាំងឃើដ ប្រយុទ្ធប្រឆាំងនឹងពួក ISIS និងកងកម្លាំងរដ្ឋាភិបាលស៊ីរី។
តែស្របពេលជាមួយគ្នានោះដែរ ក្រុមអ្នកនយោបាយអាមេរិកមួយចំនួនរួមទាំងបណ្តាប្រទេសសម្ព័ន្ធមិត្តធំៗរបស់អាមេរិកដូចជាបារាំង និងអង់គ្លេស បានសម្ដែងការសោកស្ដាយជាខ្លាំងដោយពួកគេគិតថា ការដកកងទ័ពនេះគឺស្មើនឹងការបោះបង់ស៊ីរីឱ្យរុស្ស៊ី និងអ៊ីរ៉ង់ ព្រមទាំងជាការក្បត់ជាមួយកងកម្លាំងឃើដ ដែលបណ្តាប្រទេសលោកខាងលិច តែងតែគាំទ្រ និងផ្គង់ផ្គង់ជាច្រើនឆ្នាំកន្លងមក៕