(កាប៊ុល)៖ អំពើភេរវកម្មដូចជាការបំផ្ទុះគ្រាប់បែក និងបាញ់រះនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន កាលពីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ បានផ្តាច់ជីវិតមនុស្សកើនដល់ ៤៣នាក់ហើយ (គិតត្រឹមព្រឹកថ្ងៃអង្គារនេះ) ខណៈមនុស្សជាង ១០នាក់ទៀតរងរបួស។ នេះបើតាមទិន្នន័យពីក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន ដែលសារព័ត៌មានចិនស៊ីនហួរដកស្រង់នៅរសៀលថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨។
ព័ត៌មានបានបន្តទៀតថា គិតចាប់តាំងពីការវាយប្រហារដ៏កក្រើក នៅអគាររដ្ឋាភិបាលមួយកន្លែងក្នុងទីក្រុងកាប៊ុលនោះ មនុស្សសរុប ៤៣នាក់ត្រូវបានគេអះអាងថា បានបាត់បង់ជីវិតទាំងនៅហ្នឹងកន្លែងកើតហេតុ និងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈមនុស្សរងរបួសជាង ១០នាក់ទៀតកំពុងទទួលការសង្គ្រោះបន្ទាន់។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ក្រោយការបំផ្ទុះគ្រាប់បែកលើរថយន្តដែលចតនៅនៅទីតាំងរបស់អគាររដ្ឋាភិបាលអាហ្វហ្គានីស្ថាននោះ ខ្មាន់កាំភ្លើងពីរនាក់បានសម្រុកចូលអគាររួចធ្វើការបាញ់រះលើមនុស្សម្នានៅក្នុងអគារនោះតែម្តង ទើបក្រោយមកបន្តិច សមត្ថកិច្ចបានចុះមកដល់ ហើយមនុស្សប្រមាណ ៣៥៧នាក់ ត្រូវបានជម្លៀសចេញពីកន្លែងកើតហេតុជាបន្ទាន់។
បើតាមមន្ត្រីអាហ្វហ្គានីស្ថាន ចំនួនមនុស្សស្លាប់ និងរងរបួសអាចនឹងមានការកើនឡើងបន្ថែមទៀត ព្រោះតែកងកម្លាំងសន្តិសុខនៅតែកំពុងត្រួតពិនិត្យ អគារដែលបានរងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក និងបាញ់រះនៅឡើយ គិតត្រឹមព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅទីក្រុងកាប៊ុល)។ ដោយឡែកពុំទាន់មានក្រុមណាមួយចេញមុខអះអាងថា ជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារដ៏អាក្រក់ខាងលើនេះឡើយ ប៉ុន្តែការសង្ស័យត្រូវបានទម្លាក់លើក្រុមតាលីបង់៕